ខេត្តក្រចេះ៖រថយន្តធុនធ្ងន់មួយគ្រឿងបិទស្លាកស្រាបៀរអង្គរ កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវសមត្ថកិច្ចចម្រុះស្ទាក់ត្រួតពិនិត្យ ហើយបានរកឃើញគ្រឿងសង្ហារឹមធ្វើពីឈើប្រណីតជាច្រើនគ្រឿងបង្កប់នៅក្នុងនោះ។
ព្រឹត្តិការណ៍ស្ទាក់ឆែកឆេររថយន្តបង្កបទល្មើសខាងលើនេះ ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចថ្មបាំង ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានឃាត់រថយន្ដដែលស្លាកសញ្ញារបស់ក្រុមហ៊ុនស្រាបៀរអង្គរមួយគ្រឿងដែលគេច្នៃសម្រាប់ដឹកឈើប្រណីត ឬគ្រឿងសង្ហារឹមខុសច្បាប់។
មន្ត្រីសមត្ថកិច្ចមួយរូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា នៅវេលាដូចខាងលើនឹងមានរថយន្ដក្រុមហ៊ុនស្រាបៀរអង្គរផ្ទុកឈើ និងគ្រឿងសង្ហារឹមធ្វើឈើប្រណីត ចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពបន្តថា គ្រឿងសង្ហារឹមទាំងនេះជារបស់អ្នកស្រី ហេង សំនៀង ហៅយាយព្រឿង ជាជនជាតិវៀតណាម រស់នៅ់ភូមិថ្មី សង្គាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែងដែលសមត្ថកិច្ចជំនាញ និងអ្នករកស៊ីឈើគេស្គាល់យាយព្រឿង ថាជាថៅកែឈើប្រណីតដ៏ ល្បីឈ្មោះប្រចាំភូមិភាគឥសាន្ត ជាពិសេសនៅខេត្តស្ទឹងត្រែងនេះតែម្តង។
មន្ត្រីដដែលបានអះអាងថា យាយព្រឿង មានសិប្បកម្មកែច្នែដ៏ធំមួយកន្លែងនៅភូមិកិច្ចុង សង្កាត់ ព្រះបាត ក្រុង-ខេត្តស្ទឹងត្រែង។ទីតាំងសិប្បកម្មរបស់យាយ ព្រឿង មិនត្រឹមតែកែច្នៃឈើប្រណីតទេតែជាកន្លែងលាក់ស្តុកឈើប្រណីត ដើម្បីនាំចេញទៅស្រុកយួន និងបោះម៉ូយក្នុងស្រុកយ៉ាងអនាធិបតេយ្យគ្មានសមត្ថកិច្ចជំនាញណាបង្គ្រាបទ្បើយ។ប្រភពបន្តថា មានសមត្ថកិច្ចជំនាញមួយចំនួនត្រូវគេដឹងថា បានទទួលសំណូក ឬដាក់ខែពីយាយព្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កន្លងមករថយន្តពាក់ស្លាកក្រុមហ៊ុនស្រាបៀរអង្គររបៀបនេះ គេឃើញដឹកឈើប្រណីតជាច្រីនលើករួចមកហើយ ទើបតែពេលនេះទេដែលសមត្ថកិច្ចចេញឃាត់ដើម្បីត្រួតពិនិត្យ បន្ទាប់មកក៏បញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើសង្គាត់ថ្មក្រែ អនុវត្តបន្ត។ប៉ុន្តែការត្រួតពិនិត្យនេះត្រូវបានមេព្រៃអះអាងថាជាករណីស្របច្បាប់ និងបានអនុញ្ញាតឲ្យរថយន្ដនោះចេញទៅបាត់។
មជ្ឈដ្ឋានប្រជាពលរដ្ឋមានចម្ងល់ថា តើរថយន្តខាងលើនេះជារបស់ក្រុមហ៊ុនស្រាបៀរអង្គរឬជារថយន្តរបស់យាយព្រឿង លួចបិទស្លាកក្រុមហ៊ុនស្រាបៀរអង្គរ ឬក៏អ្នកទាំងពីររកស៊ីឈើល្មើសច្បាប់ហ៊ុនគ្នា ទើបគេប្រើរថយន្តប្រភេទនេះដើម្បីបន្លំភ្នែកសមត្ថកិច្ច ? ។
មន្ត្រីមួយរូបបានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយចុះ រថយន្តបិទស្លាកក្រុមហ៊ុនស្រាបៀរអង្គរ គឺជាប្រភេទរថយន្តសម្រាប់តែស្រាបៀរប៉ុណ្ណោះ ប៉ុន្តែបើមានការកែច្នៃស៊ីទែនរបស់រថយន្តដើម្បីទុកដឹកទំនិញ ដឹកឈើប្រណីត ឬគ្រឿងសង្ហារឹម ទោះបីជាវត្ថុទាំងអស់នោះមានលិខិតស្នាមត្រឹមត្រូវក៏ដោយ ក៏អាចចាត់ទុកថា ជាទង្វើខុសច្បាប់ដែរ ដែលមិនគួរណាសមត្ថកិច្ចដោះលែងទៅវិញបែបនេះឡើយ៕
ដោយ៖ណាតូនី