ភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ នេះ កាលពី១៥ឆ្នាំមុន គឺជាថ្ងៃនៃការយាងសោយរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។ ខាងក្រោមនេះ គឺជាព្រះរាជ្យជីវប្រវត្តិសង្ខេប របស់ព្រះអង្គ។
*** កុមារភាព និងការសិក្សា
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រសូត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ ជាព្រះរាជបុត្រារបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមហាក្សត្រី មុនិនាថ សីហនុ ។ ព្រះអង្គមានព្រះរៀម និងព្រះអនុជ មាតាទីទៃសរុបចំនួន ១៣ អង្គ ប៉ុន្តែព្រះអង្គមានព្រះអនុជបង្កើត តែមួយអង្គប៉ុណ្ណោះ គឺសម្តេចនរោត្តម នរិន្ទ្រពង្ស ។
ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា នរោត្ដម និងវិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ ។ បន្ទាប់មក ព្រះអង្គ ត្រូវបានព្រះរាជបិតា បញ្ជូនទៅទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី នាឆ្នាំ១៩៦២ ។ នៅទីនោះ ព្រះអង្គបានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណ រហូតដល់ឆ្នាំ១៩៧៥ ។
ព្រះអង្គ ស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងភាសាឆែក យ៉ាងស្ទាត់ជំនាញ ហើយព្រះអង្គ ក៏ជាក្សត្រខ្មែរ តែមួយព្រះអង្គគត់ ដែលចេះភាសាឆែក ។ ទីទៃពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេសនិងរុស្សីបានយ៉ាងប្រសើរផងដែរ។
អំឡុងរដ្ឋប្រហារ ដឹកនាំដោយលោក សេនាប្រមុខ លន់ នល់ នាឆ្នាំ១៩៧០ ព្រះអង្គគង់នៅប្រទេសឆេកូស្លូវ៉ាគី ។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គ បានយាងចាកចេញ ពីទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី និងបានចាប់ផ្តើមសិក្សា វិស័យភាពយន្ត នៅប្រទេសកូរ៉េខាងជើង ។
លុះដល់ឆ្នាំ១៩៧៧ ព្រះអង្គ បានយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ។ ភ្លាមៗនោះ ខ្មែរក្រហមដែលកំពុងកាន់អំណាចនៅកម្ពុជា បានប្រឆាំងនឹងរាជានិយម ក៏បានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្សដទៃទៀត រហូតដល់ ឆ្នាំ១៩៧៩ ជាពេលដែលរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ។
*** ការបំពេញការងារ និងព្រះគោរមងារ
ឆ្នាំ១៩៨១ ព្រះអង្គ បានយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀន របាំបាឡេ និងបានទទួលព្រះតួនាទី ជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គ គង់នៅប្រទេសបារាំងជិត ២០ ឆ្នាំ ប៉ុន្តែជាញឹកញាប់ ព្រះអង្គក៏យាងទៅទីក្រុងប្រាគ ជាទីដែលព្រះអង្គបានចំណាយពេលជាច្រើន កាលព្រះអង្គ នៅវ័យក្មេងផងដែរ ។
ឆ្នាំ១៩៩៣ ព្រះអង្គ ត្រូវបានតែងតាំង ជាប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គ មានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាព ចំពោះវប្បធម៌ខ្មែរ ។
ឯកសារនានា បានអះអាងថា ព្រះអង្គ ធ្លាប់បានបដិសេធចំពោះការតែងតាំង ជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង ប៉ុន្តែឯកសារទាំងនោះ មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទ និងហេតុអ្វីឡើយ .
ព្រះអង្គ ទទួលបានព្រះគោរមងារ ជាស្ដេចក្រុមឃុន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ហើយត្រូវបានដំឡើងជាសម្ដេចព្រះបរមនាថ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៤ ។
*** ការយាងសោរាជ្យសម្បត្តិ និងគ្រឿងឥស្សរិយយស
បន្ទាប់ពីបានសោយរាជ្យ ជាលើកទី២ អស់រយៈពេល ១១ ឆ្នាំមក ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ បានប្រកាសដាក់រាជ្យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ គឺជាការប្រកាសដាក់រាជ្យយ៉ាងភ្លាមៗ និងបង្កឱ្យមានការភ្ញាក់ផ្អើល ពីជនានុជន គ្រប់មជ្ឈដ្ឋាន ជាពិសេសនៅក្នុងសង្គមខ្មែរ ។មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានសមាជិកទាំង ៩ រូប នៃក្រុមប្រឹក្សារាជបល្ល័ង្ក ជ្រើសតាំងជាឯកច្ឆន្ទ ដើម្បីសោយរាជ្យ ជាព្រះមហាក្សត្រ នៃកម្ពុជា ស្នងព្រះបិតារបស់ព្រះអង្គ ។ ដោយហេតុនោះ ព្រះរាជពិធីរាជាភិសេកព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើង ជាផ្លូវការ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ចាប់ពីពេលនោះមក ថ្ងៃទី ២៩ ខែតុលា បានក្លាយជាថ្ងៃសម្រាកសាធារណៈ ។
*** គ្រឿងឥស្សរិយយស
ព្រះអង្គទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ , គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ , មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង និងមេដាយប្រាក់ នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ៕