ខេត្តព្រះសីហនុ ៖ រហូតមកដល់ពេលនេះការបាត់ខ្លួនស្ត្រីជនជាតិអង់គ្លេសវ័យក្មេងម្នាក់នៅលើដែនកោះកុងសន្លឹមស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅតែស្ថិតក្នុងអាថ៌កំបាំងនៅឡើយ បើគិតពីថ្ងៃបាត់ខ្លួនមករយៈពេល៤ថ្ងៃហើយ ។
មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងឲ្យដឹងថា គិតមកត្រឹមល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ មិនទាន់ប្រទះឃើញនៅឡើយ សូម្បីតែតម្រុយអ្វីបន្តិចក៏មិនទទួលបានដែរ។
ទោះជាយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចចម្រុះគ្រប់ផ្នែក រួមជាមួយក្រុមអ្នកស្មគ្រ័ចិត្តផង កំពុងធ្វើប្រតិបត្តិការស្វែងរកបន្តដោយថ្មើរជើងនៅលើដីគោកក្នុងតំបន់ព្រៃភ្នំផង ក្នុងនោះមានការប្រើប្រាស់កាមេរ៉ាពីលើអាកាស ហើយនៅក្នុងទឹកក្បែរឆ្នេរសមុទ្រក៍មានក្រុមអ្នកមុជទឹកស្វែងរកផងដែរ។
រំលឹកថា ស្ត្រីជនបរទេសដែលបាត់ខ្លួននេះ ឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលយោង តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា បានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤តុលា២០១៩ មិនទាន់ដឹងថាជាការវង្វេងដូច ករណីជនបរទេសខ្លះធ្លាប់វង្វេងបាត់ក្នុងព្រៃលើកោះកន្លងមក ឬដោយហេតុការណ៍មួយ នៅឡើយ៕