ម៉ានីល ៖ អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា មនុស្ស៧នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀតរងរបួស ខណៈអគារជាច្រើនបូករួមទាំងផ្លូវធ្វើដំណើរ ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រដែលបានវាយប្រហារតំបន់កោះ មីដាណាវ (Mindanao) ភាគខាងត្បូង នៃប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមសារព័ត៌មាន CNA។
អាជ្ញាធរបញ្ជាក់ថា មនុស្សដែលបានបាត់បង់ជីវិត និងទទួលរងរបួសគឺដោយសារតែត្រូវបានផ្ទះ ឬអគាររលំសង្កត់ ហើយខ្លះទៀតបានត្រូវនឹងបំណែកអគារ។ អាជ្ញាធរហ្វីថា នៅតាមតំបន់ដែលទទួលរងឥទ្ធិពលទាំងនោះ មនុស្សម្នាបានផ្អើលរត់ចេញពីក្នុងអគារ និងលំនៅឋានរបស់ពួកគេ ខណៈបណ្តាញផ្គត់ផ្គង់អគ្គិសនីខ្លះត្រូវបានកាត់ផ្តាច់ និងអគារមួយចំនួនបានរងការខូចខាត។ រីឯអ្នកជំងឺនៅមន្ទីរពេទ្យមួយកន្លែង ក៏ត្រូវបានជម្លៀសចេញផងដែរ។
បើតាមទិន្នន័យនៃទីភ្នាក់ងារស្ទាបស្ទង់ គ្រោះរញ្ជួយដីហ្វីលីពីន (Phivolcs) គ្រោះរញ្ជួយដីខាងលើបានកើតឡើងចំខេត្ត កូតាបាតូ (Cotabato) និងមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះ ហើយនៅក្រោមផ្ទៃដីតែម្តង ដែលជាហេតុបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ កម្លាំងញ័ររញ្ជួយរបស់វាបានជះដល់តំបន់មួយចំនួនដូចជាទីក្រុង ខៃដាប៉ាវ៉ាន (Kaidapawan), ខេត្ត សារ៉ាងហ្គានី (Sarangani), ទីក្រុង ដាវ៉ៅ (Davao), ទីក្រុង កូរ៉ូនណាដាល (Koronadal), ទីក្រុង កាហ្គាយ៉ាន ឌែអូរ៉ូ (Cagayan de Oro), ទីក្រុង ជែណឺរ៉ល សាន់តូស (General Santos), ទីក្រុង ហ្សាំបូអាងហ្គា (Zamboanga), និងខេត្ត ប៊ូឃីដណុន (Bukidnon)៕