ប្រមុខដឹកនាំក្រុងហុងកុងព្រមានពីហានិភ័យនៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2019 ក+ ក-

ហុងកុង ៖ មេដឹកនាំទីក្រុងហុងកុងកាលពីថ្ងៃអង្គារម្សិលមិញបាននិយាយថា ទីក្រុងនេះកំពុងស្ថិតក្នុងហានិភ័យនៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនៅពេលដែលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបានឈានចូលដល់ខែទី៥ហើយ។

លោកស្រី ខារី ឡាំ (Carrie Lam) បានអះអាងថា ប្រសិនបើទិន្នន័យក្នុងត្រីមាសទី៣ដែលនឹងត្រូវចេញផ្សាយនៅសប្តាហ៍នេះបង្ហាញពីកំណើនអវិជ្ជមាន នោះសេដ្ឋកិច្ចរបស់ទីក្រុងពាក់កណ្តាលស្វយ័តមួយនេះរបស់ចិននឹងធ្លាក់ចុះតាមន័យបច្ចេកទេស។

គួរបញ្ជាក់ថា ទីក្រុងហុងកុងត្រូវបានញាំញីដោយការតវ៉ាអស់រយៈពេលជាង៤ខែមកហើយដោយការតវ៉ាមួយចំនួនបានឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សានៅតាមដងផ្លូវរវាងក្រុមបាតុករនិងប៉ូលិស។ ភាពចលាចលនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មលក់រាយនិងឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហុងកុង៕