ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោក គ្រឹស្ទៀន បើហ្គើ (Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចំានៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ លោក គ្រឹស្ទៀន បើហ្គើ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តមនឹងខិខំជំរុញកិច្ចសហប្រតិបត្តិការ ព្រះរាជាណាចក្រកម្ពុជានិងអាល្លឺម៉ង់ ឲ្យកាន់តែរឹងមាំឡើង នៅគ្រប់វិស័យ មានវិស័យ អប់រំ សុខាភិបាល និងអភិបាលកិច្ច ជាដើម។
ឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទំនាក់ ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់ បានកំពុងដំណើរល្អដោយនៅក្នុងនោះប្រទេសទំាងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍បេសកកម្មការទូតរបស់លោក គ្រឹស្ទៀន បើហ្គើ នៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា សូមគាំទ្រ និងសន្យាធ្វើកិច្ចសហ ប្រតិបត្តិការឲ្យបានពេញលេញ ដើម្បីបេសកកម្មការ ទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យ ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អាល្លឺម៉ង់ ជា ប្រទេសមួយ នៅក្នុងចំណោមប្រទេសសមាជិកសហ ភាពអឺរ៉ុប ដែលបាននំាចូលទំនិញពីកម្ពុជា ច្រើនជាងគេ ក្នុងចំណោមប្រទេសសមាជិកសហភាពអ៊ឺរ៉ុប។ ហើយអាល្លឺម៉ង់ ជាប្រទេស ដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា លើគំរោងការអភិវឌ្ឍន៍ នានា ជាង៧០គម្រោងកន្លងមកនេះ។
សូមជម្រាបថា កម្ពុជានិងសហព័ន្ធអាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នាតាំងពីចុងឆ្នាំ១៩៦៧ ហើយទំនាក់ទំនង ដ៏ល្អនេះត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃ៕