សត្វផ្សោតនៅទន្លេមេគង្គក្នុងខេត្តក្រចេះកើតកូនមួយក្បាលថ្មីទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2019 ក+ ក-

ខេត្តក្រចេះ ៖ កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានមន្ត្រីជំនាញ ប្រទះឃើញហែលទឹកទន្លេជា មួយ និងហ្វូងផ្សោតញីឈ្មោលតូចធំ ចំនួន ៧ក្បាល នៅក្នុងអន្លង់ផ្សោត ទន្លេមេគង្គ កាំពី ស្ថិតក្នុងឃុំ សំបុក ស្រុកចិត្របុរី កាលពីចុងខែតុលា កន្លងទៅនេះ។

ការប្រទះឃើញកូនសត្វផ្សោតមូយក្បាលថ្មីនេះ ត្រូវបានមន្រ្តីជំនាញរបស់អង្គការអភិរក្សមូលនិធិ សកល សម្រាប់អភិរក្សធន់ធានធម្មជាតិ ហៅកាត់ថា WWF អះអាងថា កូនផ្សោតមួយក្បាលថ្មីនេះ គឺទើបតែកើតពីមេផ្សោតដែលកំពុង តែរស់នៅក្នុងអន្លង់នៅទន្លេមេគង្គខេត្តក្រចេះ។

ប្រធានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថា WWF ប្រចាំនៅខេត្ត ក្រចេះ លោក ហង្ស ចាន់ដេត បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា នេះថា កូនផ្សោតមួយក្បាលដែលទើប តែកើតថ្មីនេះ ត្រូវបានគេប្រទះឃើញកំពុងតែហែលលេងក្នុងទឹកទន្លេមេគង្គ ជាមួយនិងហ្វូងផ្សោតធំៗ នៅក្នុងអងន្លង់ផ្សោត កាលពីថ្ងៃទី២៨ ខែតុលា ក្រោយពីបានកើតរយៈពេល១ថ្ងៃ និងនៅបន្ទាប់ពីការ ប្រារព្ធទិវាសត្វផ្សោតនៅខេត្តក្រចេះ បានបញ្ចប់។

លោកបន្តថា មន្ត្រីជំនាញនៅមិនទាន់ស្រាវជ្រាវដឹងថា កូនផ្សោតដែលទើបតែនឹងកើតនេះ ជា ផ្សោតញី ឬឈ្មោលនៅឡើយនោះទេ ដោយសារកូនផ្សោតនេះ មានរូបរាងនៅតូច។ តែក្រុមអ្នកស្រាវ ជ្រាវ របស់លោក ក៏បានពិនិត្យឃើញថា សុខភាពកូនផ្សោតនេះមាំមួននៅពេលឃើញហែលទឹក ជា មួយហ្វូងផ្សោតធំៗដ៏ទៃទៀត។

សមទ្ឋិផលនេះ ក៏ត្រូវបានលោកប្រធានអង្គការដៃគូរអភិរក្សលើកឡើងថា បានមកពីការ ខិតខំរួម គ្នាដើម្បីអភិរក្សពីក្រុមការងារអង្គការរបស់លោក ជាមួយនិងការអាជ្ញាធរ របស់ខណ្ឌ ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ឋផ្សេងៗទៀត ធ្វើឱ្យផ្សោតរស់នៅដោយគង់វង់បន្តពូជបង្កើន កំណើតជាបន្តបន្ទាប់។

ប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ និងជានាយរងខណ្ឌរដ្ឋបាលជលផល បើតាម លោក ម៉ុក ពន្លក បានឱ្យដឹងថា សព្វថ្ងៃទន្លេមេគង្គ ខេត្តក្រចេះ មានសត្វផ្សោតរស់នៅក្នុងចន្លោះពី ៥៥ ទៅ ៦០ក្បាល។ សត្វផ្សោតទាំងអស់នេះសព្វថ្ងៃ កំពុងតែរស់នៅ តាមអន្លង់ចំនួន ៥អន្លង់ធំៗ នាដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ។ អន្លង់ទាំងនោះ មានដូចជា អន្លង់ខ្សាច់ ម្កាក់ អន្លង់កោះដំបង អន្លង់ កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។

ក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពី មានសត្វផ្សោតរស់នៅច្រើនជាងគេក្នុង ចន្លោះ ចាប់ពី ២០ទៅ ៣០ក្បាល។ លោកបានធ្វើការប៉ាន់ប្រមាណក្នុង ឆ្នាំ២០១៩ នេះ ត្រីផ្សោតអាចមាន កំណើនដល់ទៅជាង ១០ក្បាល តាមរយៈការបង្កកំណើតថ្មី៕