អ៊ីរ៉ាក់ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានអំពាវនាវកាលពីថ្ងៃអាទិត្យ ដើម្បីឲ្យក្រុមបាតុករទាំងអស់ បញ្ឈប់ការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកជាបន្ទាន់ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យលោក Adel Abdul Mahdi បាននិយាយថាសេដ្ឋកិច្ចជាតិបច្ចុប្បន្នកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបាតុកម្មតវ៉ា។ លោកនាយករដ្ឋមន្ត្រីបានបញ្ជា់បន្ថែមយ៉ាងដូច្នេះថា «ការគំរាមកំហែងដល់ឧស្សាហកម្មប្រេង និងការបិទខ្ទប់ផ្លូវ បាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចជាតិ ខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ… ហើយបើសិនជាភាពចលាចលនេះ នៅតែបន្តកើតមាននោះ រាល់មុខទំនិញនឹងឡើងថ្លៃខ្ពស់កក់ពពក។
គួរបញ្ជាក់ថា មនុស្សជាង ២៥០ នាក់ត្រូវបានស្លាប់ ក្នុងតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ តាំងតែពីដើមខែតុលា ដោយក្រុមបាតុករបាននាំគ្នាប្រឆាំងជំទាស់ ក៏ដូចជាទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាកដាដ ដោះស្រាយបញ្ហាអំពើពុករលួយ និងបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕