ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ចៅ ជីអាន អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ទេសរដ្ឋមសន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ និងថ្លែងអំណគុណដល់សហការីដែលបំរើការងារជាមួយអង្គការហេឡូត្រាស់នៅកម្ពុជា ចាប់ពី២៥ឆ្នាំឡើងទៅ ដោយមានការអញ្ជើញចូលរួមពីលោកស្រីឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំ បុគ្គលិកអង្គការ HALO Trust។
លោកប្រធានអង្គការ HALO Trust បានមានប្រសាសន៍ថា អង្គការ HALO Trust បានបើកកិច្ចប្រតិបត្តិការបោសសម្អាតមីនចាប់តាំងពីឆ្នាំ១៩៩១ ដោយបានរកឃើញ និងកំទេចចោលគ្រាប់មីនជាងកន្លះលានគ្រាប់ និងមានទទួលផលប្រមាណមួយលាននាក់។
ក្នុងនាមលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក ចៅ ជីអាន បានមានប្រសាសន៍ថា កម្ពុជាទទួលស្គាល់នូវការរួមចំណែកដ៏ធំធេងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអង្គការ HALO Trust ទាំងអស់នៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈការបោសសម្អាតផ្ទៃដីដែលរងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលសកម្មភាពនេះបានចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ និង ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕