នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីមួយគ្រឿងចូលចតនៅខេត្តព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាវាហ្វឹកហ្វឺនកងទ័ពជើងទឹកសហពន្ធ័រុស្សីមួយគ្រឿងប្រចាំតំបន់ Baltic ឈ្មោះ PEREKOP បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរបំពេញទស្សនកិច្ចជាមិត្តភាពនៅប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាវានេះដឹកនាំដោយមេបញ្ជាការនាវា និងជាប្រធានប្រតិភូលោក​វរនាវីឯក​ CHEROKOV Vladimir មានបណ្តោយ១៣៨ម៉ែត្រ ទទឹង១៧.២ម៉ែត្រ ជម្រៅទឹក៥.៥៣ម៉ែត្រ ទំងន់ផ្ទុក៧២៧០តោន ចំនួននាវិកសរុប៣៩៩នាក់។

តាមគម្រោងនៃទស្សនកិច្ចនេះ មេបញ្ជាការនាវាហ្វឹកហ្វឺនកងទ័ពជើងទឹករុស្សីនឹងចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការ មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា និងមានកម្មវិធីទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍ ពាណិជ្ជកម្មមួយចំនួន ក៍ដូចជាលេងកីឡារួមគ្នារវាងកងនាវិកកម្ពុជា រុស្សីផងដែរ។

ដំណើរចូលចតរបស់នាវាកងទ័ពជើងទឹករុស្សីនេះ ក៏ដូចជាការចូលចតរបស់នាវាកងទ័ពជើងទឹកពីបណ្តាប្រទេសផ្សេងៗទៀតដែរ ដែលចូលចតកំពង់ផែសមុទ្រប្រទេសកម្ពុជា ជាបន្តបន្ទាប់កន្លងមក គឺជាផ្នែកមួយនៃទំនាក់ទំនង មិត្តភាពរវាងកងទព័ជើងទឹកកម្ពុជានិងកងទ័ពជើងទឹកពីបណ្តាប្រទេសនានាដែលមាននាវាកងទ័ពជើងទឹកចូលចតកន្លងមក៕