ចិន​​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើការ​ជាមួយ​អាស៊ាន​ដើម្បី​សន្តិភាព​សមុទ្រ​ចិន​ខាង​ត្បូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2019 ក+ ក-

​ចិន ៖ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ខ្លួន​បាន​ត្រៀម​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ ស្ដីពី​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូងជា​ចំណុច​ដ៏​ចម្រូងចម្រាស ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្កើន​កម្លាំងយោធា​ និង​សម្លុត​គំរាម​បណ្ដា​ប្រទេស​អះអាង​សិទ្ធិ​ដែនទឹក​នេះ​។​

​ប្រទេស​ចិន​បាន​អះអាង​ពី​ចំណែក​ភាគច្រើន ​នៃ​ផ្លូវទឹក​ដែល​សំបូរ​ទៅ​ដោយ​ធនធាន ​ជា​ផ្លូវ​ដឹកជញ្ជូន​សកល​ដ៏​ធំ​មួយ ​ដែល​ជា​ប្រភព​នៃ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​។​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា ​(​អាស៊ាន​) ដែល​មាន​សមាជិក ១០​ប្រទេស​បាន​ជាប់​គាំង​នៅ​ក្នុង​កិច្ចចរចា​ សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​ដែនសមុទ្រនេះ ​ដែល​ប្រទេស​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ដាក់​ពង្រាយ​នាវាចម្បាំង​បំពាក់អាវុធ​តាម​ប៉ុស្តិ៍​ជួរមុខ ​និង​បើ​ក​បំ​បុក​នាវា​នេសាទ​ជា​ច្រើន​គ្រឿង​។​

កាលពី​ថ្ងៃអាទិត្យ​លោក​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang​ បាន​និយាយ​ថា ​ការ​អាន​ឯកសារ​ដំបូង​ដែល​ជា​ឱកាស ​សម្រាប់​សមាជិក​ទាំ​ង​អស់​ក្នុង​ការ​បញ្ចេញយោបល់​ លើ​សេចក្ដី​ព្រាង​លក្ខខណ្ឌ​នានា គឺជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ៕