ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តសហការជាមួយលោកព្រះរាជអាជ្ញារង លោក ហ៊ូត វិចិត្រ បាន ចុះត្រួតពិនិត្យ ក្នុងករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង និងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង១១:៤៥នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ ។
សមត្ថកិច្ចពន្លត់អគិ្គភ័យ បាន ប្រាប់ថា មានផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជួលអោយជនជាតិចិនក្រោយមកមានករណីអគ្គិសភ័យឆាបឆេះផ្នែកខ្លះក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចក៏ចុះអន្តរាគមន៍បាញ់ទឹកពន្លត់អោយរលត់ទៅវិញភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបានចូលពិនិត្យមើលផ្ទះ និងបន្ទប់មានអគ្គិសភ័យឆាបឆេះ រួចក៏ប្រទះឃើញថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀន មានចំនួន២៧ គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន០៧នាក់យកទៅសួរនាំ ។ ដើម្បីស្រាវជ្រាវរកជនដែលប្រព្រឹត្តអំពើជួញដូរគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងក្រុង-ខេត្តព្រះសីហនុនេះ។ និងដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុចាប់វិធានការតាមផ្លូវច្បាប់៕