កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានវាយបកវិញចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយនិយាយថា ការពណ៌នារបស់របាយការណ៍នេះដែលថាប្រទេសកូរ៉េខាងជើងគឺជាអ្នកឧបត្ថម្ភដល់អំពើភេរវកម្មគឺជាឧទាហរណ៍មួយនៃ “គោលនយោបាយអរិភាព” របស់សហរដ្ឋអាមេរិកដែលកំពុងរារាំងកិច្ចចរចានុយក្លេអ៊ែរមិនឲ្យរីកចម្រើន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត KCNA នៅថ្ងៃអង្គារ។
មន្ត្រីកូរ៉េខាងជើង និងអាមេរិកបានជួបពិភាក្សាគ្នាក្នុងខែតុលាជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមកាលពីខែមិថុនាក្នុងការបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ប៉ុន្តែត្រូវបរាជ័យដោយប្រេសិតកូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិកមិនបានបង្ហាញភាពបត់បែនទេ។
សេចក្តីថ្លែងការណ៍របស់ KCNA ដែលដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា “របាយការណ៍នេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ការបដិសេធរបស់សហរដ្ឋអាមេរិកទៅលើប្រទេសកូរ៉េខាងជើងគឺបានចង្អុលបង្ហាញពីគោលនយោបាយអរិភាព”។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “ផ្លូវនៃការសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកាន់តែចង្អៀតទៅៗដោយសារតែអាកប្បកិរិយាបែបនេះ”។ កាលពីខែមេសា លោកគីមជុងអ៊ុនបានកំណត់យកចុងឆ្នាំនេះជាថ្ងៃផុតកំណត់សម្រាប់កិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ។
របាយការណ៍ស្តីពីអំពើភេរវកម្មឆ្នាំ២០១៨របស់ក្រសួងការបរទេសអាមេរិកដែលចេញផ្សាយកាលពីថ្ងៃទី១ខែវិច្ឆិកាបានបញ្ជាក់ជាថ្មីថា កូរ៉េខាងជើងគឺជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មដោយនិយាយថា “រដ្ឋាភិបាលកូរ៉េខាងជើងបានផ្តល់ការគាំទ្រម្តងហើយម្តងទៀតចំពោះសកម្មភាពនៃអំពើភេរវកម្មអន្តរជាតិខណៈកូរ៉េខាងជើងមានជាប់ទាក់ទងនឹងការធ្វើឃាតលើទឹកដីបរទេស”។ ជនជាតិកូរ៉េខាងជើងចំនួន៤នាក់ត្រូវបានប៉ូលិសម៉ាឡេស៊ីកំណត់អត្តសញ្ញាណជាជនសង្ស័យ ក្នុងការធ្វើឃាតលោកគីមជុងណាមដែលជាបងប្រុសរបស់លោក គីម ជុងអ៊ុន៕