អគ្គស្នងការនគរបាលជាតិត្រៀមកម្លាំងជាង២ម៉ឺននាក់ដើម្បីការពារសន្ដិសុខក្នុងព្រះរាជពិធីបុណ្យអុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

ភ្នំពេញ ៖ ថ្លែងប្រាប់ក្រុមសារព័ត៌មាននាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិបានត្រៀមកម្លាំងជាង២ម៉ឺនដាក់ពង្រាយតាមគោលដៅនីមួយៗដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលឈានមកដល់នាពេលខាងឆាប់ៗមុខនេះ។ លោកថា ការប្រើកម្លាំងលើកនេះ ច្រើនជាងឆ្នាំ ព្រោះស្របពេលនឹងព្រះរាជពិធីបុណ្យឯករាជ្យជាតិផងដែរ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯកបានអំពាវនាវឲ្យប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា​ ដោយកុំជឿតាមការញុះញង់ និងបំផុសបំផុលរបស់ក្រុមអគតិមួយចំនួន ពិសេសក្រុមឧទ្ទាមក្រៅច្បាប់។ ទន្ទឹមនោះលោកក៏សូមការយោគយល់ពីប្រជាពលរដ្ឋចំពោះការបិទផ្លូវមួយចំនួន និងមានការត្រួតពិនិត្យពីសមត្ថកិច្ច។

សូមជម្រាបថា កាលពីព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨កន្លងទៅ អគ្គស្នងការនគរបាលជាតិបានដាក់ពង្រាយកម្លាំងប្រមាណជាង១ម៉ឺននាក់ដើម្បីការពារសន្តិសុខ សុត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្ត៕