បដិវត្តន៍ឧស្សាហកម្មទី៤ នឹងបង្កើតបញ្ហាប្រឈមថ្មីៗបន្ថែមពីលើបញ្ហាប្រឈមដែលមានស្រាប់ 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

ភ្នំពេញ ៖ បដិវត្តន៍ឧស្សាហកម្មទី៤ នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើនដល់បណ្តាប្រទេសកំពុង អភិវឌ្ឍន៍ដូចកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើការពង្រួញផ្លូវ និងពន្លឿនការអភិវឌ្ឍប្រទេស ការបង្តើនផលិតភាព, ប្រសិទ្ធភាព និងភាពប្រកួតប្រជែង។ ក៏ប៉ុន្តែបដិវត្តន៍ឧស្សាហកម្មទី៤នេះ ក៏នឹង នាំមកនូវបញ្ហាប្រឈមថ្មីៗ បន្ថែមពីលើបញ្ហាប្រឈមនានាដែលមានស្រាប់ថែមទៀត។ ក្នុងបរិបទនេះ កម្ពុជាចាំបាច់ត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្រ្តនៃការអភិវឌ្ឍរបស់ខ្លួន ដើម្បីសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន និងធន់ រឹងមាំ ពិសេសការសម្រេចបាននូវឋានៈ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

នេះបើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងាររៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច ឌីជីថល នៅកម្ពុជា។

លោក វង្សី វិស្សុត ថ្លែងថា ពិតណាស់ថា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ច នៅកម្ពុជា៖ ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដែលសហការរៀបចំដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និង CDRI។

លោក វង្សី វិស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជាដូចជា៖ (១).ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ,  (២).ការបង្កើត និងដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ,(៣).ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព  និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព  និង(៤).ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមជាដើម ហើយជាលទ្ធផលជាក់ស្តែង ការរៀបចំថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មី និងសហគ្រិនភាពកំពុងតែមានវឌ្ឍនភាពទៅមុខគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ វប្បធម៌សហគ្រិនភាព កាន់តែត្រូវបានលើកកម្ពស់, ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមជំរុញនវានុវត្តន៍ និងធ្វើឌីជីថលភាវូបនីយកម្ម នៅក្នុងអាជីវកម្មរបស់ខ្លួន ហើយក៏មានគ្រឹះស្ថានបណ្តុះបណ្តាល និងសកលវិទ្យាល័យខ្លះបានដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញ និងសហគ្រិនភាពជាបណ្តើរៗផងដែរ៕