បាងកក ៖ អ្នកនាំពាក្យកងទ័ពបាននិយាយនៅថ្ងៃពុធថា មនុស្សយ៉ាងតិច១៥នាក់ត្រូវបានសម្លាប់និង៤នាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ពួកឧទ្ទាមនៅភាគខាងត្បូងប្រទេសថៃដែលនេះជាហេតុការណ៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
អ្នកនាំពាក្យកងទ័ពភាគខាងត្បូងលោក Pramote Prom-in បានប្រាប់ AFP ថា នៅយប់ថ្ងៃអង្គារ ក្រុមសកម្មប្រយុទ្ធបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យចំនួនពីរកន្លែងក្នុងខេត្ត យ៉ាឡា ដែលកាន់កាប់ដោយក្រុមអ្នកស្ម័គ្រចិត្តការពារស៊ីវិលដោយបានបើកការបាញ់ប្រហារទៅលើពួកគេនៅពេលអ្នកភូមិមួយក្រុមបានបញ្ឈប់ដើម្បីសាកសួរ។
លោក Pramote បាននិយាយថា “មនុស្សចំនួន១២នាក់ត្រូវបានសម្លាប់នៅនឹងកន្លែងហើយពីរនាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ខណៈម្នាក់ទៀតបានស្លាប់នៅព្រឹកនេះ”។ លោកបន្ថែមថា ពួកឧទ្ទាមបានយកកាំភ្លើង M-16 និងកាំភ្លើងស្នប់ពីប៉ុស្តិ៍ត្រួតពិនិត្យ។លោកបន្តថា តំបន់ជុំវិញប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានបិទហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតខាងកោសល្យវិច្ច័យ។
គួរបញ្ជាក់ថា អំពើហិង្សាកាលពីថ្ងៃអង្គារបានកើតឡើងប៉ុន្មានខែបន្ទាប់ពីការស្លាប់របស់បុរសមូស្លីមម្នាក់ឈ្មោះ Abdulloh Esormusor ដែលបានសន្លប់បាត់ស្មារតីបន្ទាប់ពីត្រូវបានសួរចម្លើយនៅឯមណ្ឌលឃុំឃាំងដ៏ល្បីល្បាញរបស់ថៃ។
ជនសង្ស័យតែងតែត្រូវបានគេយកទៅសួរចម្លើយនិងឃុំខ្លួនក្រោមច្បាប់គ្រាអាសន្ននៅក្នុងមណ្ឌលឃុំឃាំងដែលជាកន្លែងក្រុមសិទ្ធិមនុស្សបានចងក្រងឯកសារអំពីការធ្វើទារុណកម្ម។ ប៉ុន្មានថ្ងៃបន្ទាប់ពីការឃុំខ្លួនរបស់លោក Abdulloh, មនុស្សបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពេលយប់លើទីបញ្ជាការយោធាមួយកន្លែងដែលបង្កឲ្យមានការរំពឹងទុកអំពីប្រតិបត្តិការសងសឹក។
មួយសប្តាហ៍ក្រោយមក គ្រាប់បែកតូចៗជាច្រើនបានផ្ទុះឡើងនៅទីក្រុងបាងកកដោយបណ្តាលឲ្យមនុស្សបួននាក់រងរបួស ខណៈពេលទីក្រុងនេះរៀបចំកិច្ចប្រជុំកំពូលមួយ៕