នាយករដ្ឋមន្ត្រីថៃប្រកាសមិនអនុញ្ញាតឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងចូលកម្ពុជាតាមទឹកដីថៃ
បាងកក ៖ លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីនៃប្រទេសថៃបានប្រកាសជាឱឡារិក នៅថ្ងៃពុធទី០៦វិច្ឆិកានេះថា លោកមិនអនុញ្ញាតឲ្យ លោក សម រង្ស៊ី ឆ្លងចូលមកកម្ពុជាតាមទឹកដីថៃឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នាថ្ងៃពុធនេះ។
សូមជម្រាបថា ការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃដូច្នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញពីបំណងឆ្លងចូលទឹកដីកម្ពុជាតាមរយៈប្រទេសថៃ នៅថ្ងៃទី០៩ខែវិច្ឆិកាខាងមុខ។
នាយករដ្ឋមន្ត្រីថៃរូបនោះបានបញ្ជាក់ថា តាមរយៈស្មារតីអាស៊ាន ប្រមុខរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ថៃនឹងមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។ លោកថា ប្រទេសថៃ ក៏នឹងមិនអនុញ្ញាតឲ្យជនប្រឆាំងរដ្ឋាភិបាលម្នាក់ណា យកប្រទេសថៃជាឈ្នាន់ដើម្បីធ្វើសកម្មភាពដែរ៕