ភ្នំពេញ ៖ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសន្យាថានឹងជំរុញអ្នកវិនិយោគបារាំងឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសមកបណ្តាក់ទុននៅបណ្តាតំបន់សេដ្ឋកិច្ចពិសេស។
ការសន្យារបស់លោកស្រីធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញលោកស្រីបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាមួយគ្នានោះលោកស្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលមានការរៀបចំបានល្អប្រសើរ និងបានចូលរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាក់ស្តែង លោកស្រីបានទស្សនារោងចក្រចំនួន៣ គឺរោងចក្រផលិតធុងទឹករថយន្ត រោងចក្រផលិតក្តារបន្ទះ និងរោងចក្រផលិតសម្ភារៈសម្រាប់ជិះសេះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីសាវតារនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលជាការផ្តួចផ្តើមគំនិតដោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន២៣មានគម្រោងវិនិយោគចំនួន៤៨២ ដែលផ្តល់ការងារដល់កម្មករកម្មការនីចំនួនជាង១៣ម៉ឺននាក់ និងចូលរួមចំណែកដល់ប្រមាណ១៤% នៃការនាំចេញសរុប។ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានគម្រោងវិនិយោគចំនួន១៨១គម្រោង ដែលផ្តល់ការងារដល់កម្មករកម្មការនីចំនួនជាង២ម៉ឺន៥ពាន់នាក់៕