ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកជំទាវ និងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះបានជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី ចំណុះទូកថ្នាក់រាជធានីភ្នំពេញនៅបរិវេណវត្តភ្នំ ដែលនឹងត្រូវត្រៀមខ្លួន ចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក រយៈ ពេល៣ថ្ងៃគឺថ្ងៃទី១០.១១.១២វិច្ឆិកា នៅមុខព្រះបរមរាជវាំង។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងព្រះ រាជ ពិធីបុណ្យអុំទូកឆ្នាំនេះ រាជធានីភ្នំពេញមានទូកចូលរួមប្រណាំង ចំនួន ៥៥ទូក មានចំណុះទូក ចំនួន៣៧១៦នាក់ និងមានកីឡាបំរុងចំនួន ៦១០នាក់។
លោក ឃួង ស្រេង បានថ្លែងលើកទឹកចិត្ត ដល់បងប្អូនកីឡាករ កីឡាការនី ដែលជាចំណុះទូកអុំ ទូកចែវ ទាំងអស់ឲ្យខិតខំប្រឹងប្រែង បញ្ចេញអស់កំលាំងកាយចិត្តរួមសាមគ្គីគ្នា ដើម្បីដណ្តើមយក ជ័យជម្នះ និងនាំកិត្តិយសជូនវត្ត ជូនសង្កាត់ ខណ្ឌនិងជូនរាជធានីភ្នំពេញ។
លោកអភិបាលបន្តថា ចិត្តជាកីឡា ទោះចាញ់ ឬឈ្នះ ជារឿងធម្មតា ការប្រកួតដើម្បីចូលរួមថែ រក្សាប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិ នឹងដើម្បីសុខភាព។ ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា,ពិធីអកអំបុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ ជាចំបងលើការ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងកំរិតខ្ពស់បំផុត ជាពិសេសប្រឆាំងដាច់ខាត រាល់ការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ក៏ដូចជាមានបំណង បំផ្លាញសន្តិភាពនិងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ពីសំណាក់ពួកឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំ ដោយ ជនក្បត់ជាតិ សម រង្ស៉ី ។ ក្រៅពីនេះ សុំឱ្យបងប្អូនការពារខ្លួនអោយបានល្អ ពិសេសការឆ្លង រីករាលដាលនៃជម្ងឺអេដស៏ ស្របពេលអត្រានៃជម្ងឺអេដស៏ ហាក់មានការកើនឡើងបន្តិចនៅឆ្នាំនេះ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាល ក៏បានចែកមួក និងអាវយឺត ដល់ចំណុះទូករាជធានីភ្នំពេញ ទាំង ជាង៣០០០នាក់ រួមនឹងថវិកាមួយចំនួន ជាការលើកទឹកចិត្ត ដល់បងប្អូនសំរាប់ការត្រៀម ប្រកួត នាពេលខាងមុខនេះ។
ដោយឡែក នៅរសៀលថ្ងៃទី៨វិច្ឆិកាដដែលនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំការ ប្រណាំង ទូកសាកល្បងសមកំលាំងនៅតាមដងទន្លេសាប ចំណុចមុខវត្តឧណ្ណាឡោម។ ទិដ្ឋភាពនៃ ការ ប្រារព្វបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះខែ ប្រព្រឹត្តទៅក្នុងបរិយាកាស សប្បាយរីករាយ ប្រកបដោយមោទនៈភាពរបស់ប្រជាពល រដ្ឋ ដែលបង្ហាញឲ្យឃើញពីការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ ក្រោមការដឹកនាំ របស់ រាជ រដ្ឋាភិបាលដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕