ភ្នំពេញ ៖ នៅក្នុងឱកាសថ្ងៃឈប់សំរាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែ វិច្ឆិកានេះ គឺមានភ្ញៀវជាតិអន្តរជាតិចូលទស្សនាមានប្រមាណជិត៥លាននាក់ កើនលើសឆ្នាំ២០១៨ ប្រមាណជិត១០%។ នេះបើតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។
របាយការណ៍ដដែលបញ្ជាក់ថា នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវចូលទស្សនាប្រមាណ៥៥ម៉ឺននាក់ ថ្ងៃទី២ មានប្រមាណ១លាន ៥សែននាក់ និងថ្ងៃទី៣ គឺមាន២លាន ៧សែននាក់។
ដោយឡែកសម្រាប់វេទិកា ដែលគណៈកម្មការបុណ្យជាតិរៀបចំជូនសម្រាប់ឲ្យភ្ញៀវទេសចរបរទេសចូលអង្គុយទស្សនាការប្រណាំងទូករយៈពេលបីថ្ងៃនេះគឺមានភ្ញៀវទេសចរបរទេសចេញចូលទស្សនាមានចំនួនប្រមាណជិត៩ពាន់នាក់ ហើយភ្ញៀវដែលចូលរួមទស្សនាគឺមានមួយចំនួនមកពីប្រទេសបារាំង អង់គ្លេស ចិន ជប៉ុន អ៊ីស្រាអ៊ែល និងអូស្ត្រាលីជាដើម៕