ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង៧%។
របាយការណ៍បញ្ជាក់ថា «សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត មានចំនួនសរុប ៥,៨១៦,៧១១នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦%»។ ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋ រួមមាន ៖ ភ្ញៀវជាតិមានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%។ ភ្ញៀវអន្តរជាតិមានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%។
ដោយឡែក ក្នុងតួលេខក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦នាក់ កើនឡើង ៥.១៦% ក្នុងនោះរួមមាន ៖ ភ្ញៀវជាតិមានប្រមាណ ៤,៧៥០,០០០នាក់ កើនឡើង ៥.១១%។ ភ្ញៀវអន្តរជាតិមានប្រមាណ ៣១,៤៤៦នាក់ កើនឡើង ១៣.៩៤ %៕