ភ្នំពេញ៖បើគ្មានការផ្លាស់ប្តូរទេ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋសភានឺងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅវិមានរដ្ឋសភាជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាចេញថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨កក្កដា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនឹងរៀបចំឡើងដោយគណៈកម្មការកិច្ចការបរទេស គណៈកម្មការមហាផ្ទៃ និងគណៈកម្មការនីតិកម្មរបស់រដ្ឋសភា ប្រព្រឹត្តទៅនៅវិមានរដ្ឋសភាជាតិ។ពិធីនេះធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ ក្រោមអធិបតេយ្យភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្តីព្រាងកម្មវិធីសិក្ខាសាលាបានបញ្ជាក់ថា សិក្ខាសាលារយៈពេលមួយព្រឹកនោះ តម្រូវឲ្យសាធារណជនចុះឈ្មោះជាមុន ដើម្បីបានចូលរួម និងបានបើកឱកាសរយៈពេល ៤៥នាទី ចាប់ពីម៉ោង ៩:១៥ នាទី ដល់ម៉ោង១០ ដើម្បីឲ្យមហាជន សួរសំណួរ ឬបញ្ចេញមតិយោបល់។ ចំណែកគណៈអធិបតី មានពេល ៣០នាទី ដើម្បីឆ្លើយនឹងសំណួរ ៕ដោយ៖រដ្ឋា