ហ្គាហ្សា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថា គិតត្រឹមយប់ថ្ងៃពុធ ដែលជាថ្ងៃទី២នៃជម្លោះ ចំនួនមនុស្សស្លាប់បានកើនឡើដល់២៣នាក់ហើយ ខណៈដែលជាង៧០នាក់ផ្សេងទៀតរងរបួស ក្នុងការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់-ប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីព (Gaza Strip) តាំងតែពីថ្ងៃអង្គារសប្តាហ៍នេះ។
ក្រសួងសុខាភិបាលហ្គាហ្សាបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាននានាថា ការផ្លោងគ្រាប់ជាបន្តបន្ទាប់ដោយអ៊ីស្រាអែលមកលើទីក្រុងមួយនេះ បានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី បាត់បង់ជីវិតជាបន្តបន្ទាប់ គិតចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ ដោយអ្នកស្លាប់ និងអ្នករងរបួសមានតែខាងភាគីហ្គាហ្សាមួយប៉ុណ្ណោះ ។ ដោយឡែកមនុស្សរងរបួសធ្ងន់ និងស្រាលជាង ៧០នាក់កំពុងតែទទួលការសង្គ្រោះបន្ទាន់ ខណៈស្ថានការណ៍គឺមិនទាន់មានភាពស្ងប់ស្ងាត់ឡើយ គិតត្រឹមយប់ថ្ងៃពុធ។
សូមជម្រាបថា ជម្លោះរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងប្រទេសអ៊ីស្រាអែល បានអូសបន្លាយបីថ្ងៃមកហើយ បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែលបានផ្តាច់ជីវិត មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hamas ឈ្មោះ បាហា អាប៊ូ អាល់អាតថា (Baha Abu Al-Atta) នៅតំបន់ Gaza Strip។ ប្រការនេះបានបណ្តាលឲ្យមានការវាយប្រហារសងសឹក ដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុម Hamas៕