ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ឯកឧត្តម Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម និងលោក Nobuhide Minorikawa អនុរដ្ឋមន្រ្តីក្រសួងដែនដី, ហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។ រដ្ឋមន្រ្តីអាស៊ានបានស្វាគមន៍ សេចក្តីប្រកាសការគាំទ្ររបស់ជប៉ុន ដល់សកម្មភាពនានា ដោយផ្អែកលើផែនការយុទ្ធសាស្រ្តដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥ នៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក ផ្លូវសមុទ្រ ការដឹកជញ្ជូនប្រកបដោយចីរភាព និងកិច្ចសម្រួលការដឹកជញ្ជូន តាមរយៈគម្រោង និងសកម្មភាព ដែលស្ថិតក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុនគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព។
រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័តលើគំនិតផ្តួចផ្តើមគោលនយោបាយ/កិច្ចសហប្រតិបត្តិការ ស្ថិតក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ដូចខាងក្រោម៖ ក- សំណើផែនការការងារភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ២០១៨-២០១៩ ខ- គំនិតផ្តួចផ្តើមថ្មី ក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន រួមមាន៖ ១.) ផែនការបណ្តុះបណ្តាលការអនុវត្តប្រព័ន្ធផ្កាយរណបសកល (GNSS) ក្នុងអាស៊ាន, ២.) បច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យយានយន្តលើសទម្ងន់, ៣.) ការសិក្សាស្រាវជ្រាវរួម លើការថែទាំងស្ពាន សម្រាប់របៀងឆ្លងកាត់ ព្រំដែន, ៤.) ការធ្វើឱ្យប្រសើរឡើងការទទួលបានសេវាដឹកជញ្ជូនសាធារណៈសម្រាប់ជនពិការ និងមនុស្សចាស់ គ- លទ្ធផលសំខាន់ៗនៃគម្រោងដែលមានស្រាប់ ក្រោមភាពជាដៃគូដឹកជញ្ជូន អាស៊ាន-ជប៉ុន រួមមាន៖ យុទ្ធសាស្រ្តនាវាបៃតង ក្រោមគម្រោងលើកទឹកចិត្ត ការប្រើប្រាស់នាវាដែលមិនប៉ះពាល់បរិស្ថាននៅក្នុងតំបន់អាស៊ាន។ ឃ-របាយការណ៍បច្ចុប្បន្នភាព នៃកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសអាស៊ាន-ជប៉ុ៕