ចិនត្រៀមរបស់ថ្មី​មួយទៀតលើផ្លូវ​ឆ្ពោះ​ទៅរក​បេសកកម្ម​ភពអង្គារនៅឆ្នាំ​២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2019 ក+ ក-

ចិន ៖ បាន​ធ្វើតេស្ត​ចុះ​ចតយាន​​មួយ​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ខេត្ត Hebei ក្នុងគោលបំណង​បញ្ជូន​យាន​ទៅកាន់​ភពអង្គារ​នៅឆ្នាំ​២០២០ ដោយ​អង្គការ​អវកាស​ចិន​អះអាង​ថា ចិន​កំពុង​ស្ថិត​នៅផ្លូវ​ឆ្ពោះ​ទៅរក​បេសកកម្ម​ភពអង្គារ​នេះហើយ។

ការ​សាកល្បង​ចុះចត​នេះ ធ្វើឡើង​នៅ​តំបន់​ដែល​មាន​លក្ខណៈ​ស្រដៀងទៅ​ហ្នឹងផ្ទៃដី​ភពអង្គារ ពោលគឺ​ភ្នំ​តូចៗ​ ឬទួល​ដែល​ពោរពេញ​ដោយ​ថ្ម ដែល​ធ្វើឱ្យ​យាន​អាច​យល់ដឹង​ពី​ការធ្វើដំណើរ​ឡើងចុះ​ទួល​នៅលើភពក្រហម​នោះ​ដោយ​ខ្លួនវា​បាន។

លោក Zhang Kejian ប្រធាន​អង្គការ​អវកាស​ជាតិ​ចិន បាន​ថ្លែង​នៅមុន​ការធ្វើតេស្ត​នេះថា៖ «ក្នុងឆ្នាំ​២០១៦ ចិន បាន​ចាប់ផ្តើម​ជាផ្លូវការ​នូវការ​ងារ​បេសកកម្ម​រុករក​ភព​អង្គារ ហើយ​ឥឡូវនេះ គ្រប់ការងារ​អភិវឌ្ឍន៍ទាំងអស់ កំពុងដំណើរការយ៉ាងរលូនហើយ»។ ទន្ទឹមនោះចិន បាន​​អភិវឌ្ឍ​គ្រាប់រ៉ុកកែត Long March 5 ដែលមាន​កម្លាំងខ្លាំង​ដើម្បីបាញ់​បង្ហោះ​នាំយក​យាន​អវកាស​ទៅកាន់​ភព​អង្គារ។

បើតាម​លោក Zhang Rongqiao ប្រធាន​ស្ថាបត្យករ​នៃ​កម្មវិធី​រុករក​ភព​អង្គារ ឱ្យដឹងថា ការបាញ់​បង្ហោះ​ពីផែនដី ទៅភពអង្គារ ត្រូវប្រើពេល ៧ខែ ចំណែក​ឯការ​ចុះចត​លើផ្ទៃដី​ភពអង្គារ ប្រើពេល​ត្រឹម ៧នាទីប៉ុណ្ណោះ។

គួររំលឹក​ថា កាលពី​ខែមករា ឆ្នាំ​២០១៩ ចិន​បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​មួយឈ្មោះ Chang’e-4 នៅ​លើ​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់)៕