ខេត្តសៀមរាប ៖ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សត្វដំរីចំនួន៥ក្បាលហើយ ដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការងារនេះធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសត្វដំរីទាំងនោះមានជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផង។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញដឹកជញ្ជូនតាមរថយន្តចេញពីកន្លែងរស់នៅមុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី១៥នេះ សត្វដំរីចំនួន៣ក្បាលទៀត ក៏បានធ្វើដំណើរទៅកាន់កន្លែងរស់នៅថ្មីនោះដែរ។
ក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៤ ខែវិច្ឆិកា ការងារនេះធ្វើឡើងដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរាបានធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្ដើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តនៅដើមឆ្នាំ២០២០តទៅ៕