លោក ឈាង វុ​ន ៖ មិន​ឲ្យ​លោក​ អ៊ុំ សំអាន ​ខ្ចីវេទិការរបស់លោកធ្វើ​សម្ភាសន៍នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2015 ក+ ក-

ភ្នំពេញ​៖​លោក ឈាង វុន នៅ​ថ្ងៃទី​៣ កក្កដា​នេះ បាន​ប្រតិកម្ម​ដោយ​ចំអក​ធ្ងន់ៗ​ទៅនឹង​ករណី​ដែល​លោក អ៊ុំ សំអាន ធ្វើការ​ទាមទារ​ឲ្យ​រូបលោក​សុំទោស​ជា​សា​ធា​រណៈចំពោះ​ការរំលោភ​លើ​សិទ្ធិ​តំណាងរាស្ត្រ​។​

ជាថ្មីទៀត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​បញ្ចេញ​ប្រតិកម្ម និង​ទាមទារ​ឲ្យ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​បរទេស​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ជា​អ្នកនាំពាក្យ​រដ្ឋសភា សុំទោស​ជា​សាធារណៈ ចំពោះ​ការរំលោភ​លើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ ប៉ុន្តែ​លោក ឈាង វុន បញ្ជាក់ថា លោក​គ្មាន​ពេល​ឆ្គួ​ត​ជាមួយ​លោក អ៊ុំ សំអាន នោះទេ​។​

​លោក អ៊ុំ សំអាន បាន​អះអាងថា លោក​នឹងដាក់​លិខិត ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដោយ​ទាមទារ​ឲ្យ​លោក ឈាង វុន សុំទោស​ជា​សាធារណៈ ចំពោះ​រូបលោក​ពាក់ព័ន្ធ​នឹង​ករណី​មិន​អនុញ្ញាត​ឲ្យ​លោក​ផ្តល់​បទសម្ភាសន៍ ទៅកាន់​អ្នកសារព័ត៌មាន នៅ​វិមាន​រដ្ឋសភា និង​ស្នើ​ឲ្យ​សភា​ស្តីបន្ទោស​លោក ឈាង វុន ចំពោះ​ការប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។​

ជាការ​ឆ្លើយតប នៅ​រសៀល​ថ្ងៃទី​០៣​កក្កដា​នេះ លោក ឈាង វុន បាន​បញ្ជាក់ថា លោក​គ្មាន​ពេលវេលា​ទៅ​ឆ្គួ​ត ជាមួយ​លោក អ៊ុំ សំអាន នោះឡើយ ហើយ​ស្នើ​កុំ​ឲ្យ​លោក អ៊ុំ សំអាន បញ្ចេញ​អាកប្បកិរិយា​ថោកទាប ដាក់​រូបលោក ដែល​ទង្វើ​នេះ​មិនអាច​ទទួលយក​បានទេ​។

ជាមួយគ្នានេះ លោក ឈាង វុន ក៏បាន​បកស្រាយ​ថា ការដែល​លោក​មិន​អនុញ្ញាត​ឲ្យ លោក អ៊ុំ សំអាន ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត ព្រោះ​ជា​វេទិកា​ដែល​លោក​បានរៀបចំ ហើយ​លោក អ៊ុំ សំអាន ជា​អ្នក​មក​ជ្រៀត​ជ្រែ​ត​កិច្ចសម្ភាសន៍ និង​មិនបាន​សុំ​ការអនុញ្ញាត ពី​ប្រធានរដ្ឋសភា​ទៀតផង​។ ដូច្នេះ​លោក មិនអាច​ឲ្យ​លោក អ៊ុំ សំអាន ខ្ចី​វេទិកា​នេះ​ធ្វើ​សន្និសីទ ដែល​ខុស​នឹង​សេចក្តីសម្រេច​របស់​ប្រធានរដ្ឋសភា​នោះឡើយ​៕​ដោ​យ៖​ខេ​មរៈ

កលើ