ភ្នំពេញ ៖ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសជាសាធារណៈថា កម្ពុជានឹងបញ្ចេញតំណក់ប្រេងដំបូងនៅឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែមិនទាន់ប្រកាសកាលបរិច្ឆេទេទេ ព្រោះមិនចង់ឲ្យខុសដូចកាលពីឆ្នាំ២០១២ទេ។ កាលពីឆ្នាំ២០១២ គឺក្រុមហ៊ុនផលិតប្រេង បានប្រកាសម្តងហើយ តែមិនជោគជ័យថា ចេញនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២។
ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ប្រកាស នូវការបរិច្ឆេទពិតប្រាកដ នៃតំណក់ប្រេងលើកដំបូងទេ ព្រោះខ្ញុំមិនចង់ឲ្យមានកំហុស ដូចកាលពីឆ្នាំ២០១២ ដែលពេលនោះខាងក្រុមហ៊ុន បានឲ្យយើងថា តំណក់ប្រេងដំបូង នឹងចេញនៅពេលណា។ ឥឡូវតំណក់ប្រេងរបស់យើង នឹងចេញនៅឆ្នាំ២០២០ តែថ្ងៃខែជាក់លាក់ ខ្ញុំនឹងប្រកាសនៅពេល ក្រោយបន្ទាប់ពីការ ធ្វើការងារជាមួយក្រុមហ៊ុន ដែលកំពុងតែកសាងយ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់យើង” ។
សម្តេចបន្តថា កម្ពុជាមិនទាន់ប្រើប្រាស់ ធនធានធម្មជាតិទេ ដូចជាប្រេង ឧស្ម័នធ្យូងថ្ម។ បច្ចុប្បន្នធ្យូងថ្មបានរកឃើញ នៅខេត្តឧត្តរមានជ័យ ហើយសម្តេចក៏បានឲ្យបង្កើត រោងចក្រនៅទីនោះតែម្តង ដើម្បីផលិតអគ្គិសនី។
ដោយឡែកចំពោះរ៉ែមាសវិញ សម្តេចថានឹងធ្វើអាជីវកម្មក្នុងខ្នាតមួយមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី។ ប៉ុន្តែសម្តេចបានបង្ហាញ ក្តីរំពឹងធំជាងគេ គឺតំណក់ប្រេងដែលអាច នឹងមាននៅពេលខាងមុខ ព្រោះខណៈ នេះកំពុងចរចាជាមួយភាគីថៃ អំពីតំបន់ត្រួតគ្នាដើម្បីអភិវឌ្ឍន៍រួម៕