ចិន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​សម្ញែង​សាច់ដុំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

ចិន ៖ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​ Wei Fenghe កាលពី​ថ្ងៃ​ច័ន្ទ​បាន​អំពាវនាវ​ ដល់​យោធា​អាមេរិក​ឲ្យបញ្ឈប់​សកម្មភាព ​បង្អួត​សាច់ដុំ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ចៀសវាង​ការ​បន្ថែម​នូវ​ភាព​មិន​ប្រាកដប្រជា​ថ្មី​លើ​កោះ​តៃវ៉ាន់ ​ក្នុង​អំឡុង​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​ដែល​សង្កត់ធ្ងន់​លើ​ភាព​តានតឹង​ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង២ ​របស់​ពិភពលោក​។

​ការ​លើក​ឡើង​របស់​ លោក​ Wei Fenghe ​ធ្វើឡើងក្នុង​រយៈពេល ២​សប្ដាហ៍​ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​សេត​វិមាន​បាន​ប្រកាស អំពីការ​បំភិត​បំភ័យរបស់​ចិន​នៅ​ក្នុង​ផ្លូវទឹក​ដ៏​មមាញឹក មួយ​នេះ និងបន្ទាប់១​ថ្ងៃបន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Mark Esper បាន​ចោទប្រកាន់​ជា​សាធារណៈ​ លើ​ទីក្រុង​ប៉េកាំង​ពី​បទ​បង្កើន​ការ​បង្ខិតបង្ខំ​ និង​ការ​បំភិត​បំភ័យ​ ដើម្បី​ពន្លឿន​គោលដៅ​យុទ្ធ​សា​ស្ត្រ​របស់​ខ្លួននៅ​ក្នុង​តំបន់​។

​លោក​ Wu Qian អ្នក​នាំពាក្យ​យោធា​ចិន​បាន​និយាយ​ថា ក្នុង​អំឡុង​កិច្ចពិភាក្សា​បិទទ្វារ​នៅ​ខាង​ក្រៅ​ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ក្នុងទីក្រុង​បាងកក​ប្រទេស​ថៃ លោក Wu Qian​ បាន​ជំរុញ​ឱ្យ​លោក Esper បញ្ឈប់​ការ​បង្ហាញ​សាច់ដុំ​នៅ​សមុទ្រ​ចិន​ខាងត្បូង ​និង​កុំ​បង្ក​ភាព​តានតឹង​ឲ្យ​កាន់តែ​រីក​ធំ​ថែមទៀតនៅ​សមុទ្រ​ចិន​ខាង​ត្បូង​។

សូមជម្រាបថា សហរដ្ឋអាមេរិក​ចោទប្រកាន់​ចិន​ថា ​បាន​ធ្វើ​យោធូបនីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ និង​ព្យាយាម​បំភិតបំភ័យ​ប្រទេសជិតខាង​នៅ​អាស៊ី ​ដែល​ប្រហែលជា​ចង់​កេង​ចំណេញ​ធនធាន​ប្រេង​ និង​ឧស្ម័ន​យ៉ាង​ច្រើន​របស់​ខ្លួន​៕