កូរ៉េខាងជើង​មិន​ចាប់​អារម្មណ៍​នឹង​ការ​ជួប​ពិភាក្សា​បន្ត​ទៀត​ជាមួយ​សហរដ្ឋអាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

កូរ៉េខាងជើង ​៖ កូរ៉េខាងជើង​បាន​និយាយ​ថា ​ខ្លួន​មិន​ចាប់​អារម្មណ៍​នឹង​ការ​ជួប​ពិភាក្សា​បន្ត​ទៀត​ជាមួយ​សហរដ្ឋអាមេរិក រយៈ​ពេល ១​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី Donald Trump បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម ​Twitter ផ្ញើ​ទៅកាន់​មេដឹកនាំ​ប្រទេស​នេះកាលពី​ថ្ងៃអាទិត្យ​ ដោយ​និយាយ​ថាជួប​គ្នា​ឆាប់ៗ​។​

​សេចក្ដីថ្លែងការណ៍​ពី​ទីប្រឹក្សា​ក្រសួង​ការបរទេស​កូរ៉េខាងជើង​លោក Kim Kye Gwan ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​និយាយ​ថា ខ្ញុំ​បាន​បកប្រែ ​Twitter​ របស់​ប្រធានាធិបតី Trump នៅ​ថ្ងៃ​ទី​១៧ ដើម្បី​បញ្ជាក់​កិច្ចប្រជុំ​កំពូល​ថ្មី​រវាង​កូរ៉េខាងជើង​ និង​អាមេរិក ប៉ុន្តែ​យើង​លែង​ចាប់​អារម្មណ៍​នឹង​កិច្ចប្រជុំ​ទាំងនោះ​ទៀតហើយ ព្រោះថា ​វា​គ្មាន​ប្រយោជន៍​សោះ​សម្រាប់​យើង​។ លោក​Kim បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​បង្ហាញ​ពី​រូបភាព​ នៃ​ភាព​ជឿន​លឿន​ក្នុង​បញ្ហា​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​ពន្យារពេល​ប៉ុណ្ណោះ​។​

​លោក​ Kim បាន​និយាយ​ថា យើង​នឹង​មិន​ផ្ដល់​អ្វី​ដល់​ប្រធានាធិបតី​អាមេរិក ​ដើម្បី​អួតខ្លួន​ទាំង​ដែល​ខ្លួន​ពុំបាន​ផ្ដល់​អ្វី​ជា​ថ្នូរ​ត្រឡប់មកវិញ​នោះ​ឡើយ ហើយ​យើង​ត្រូវតែ​ទទួល​បាន​ពី​សហរដ្ឋអាមេរិក​ នូវ​អ្វី​ដែល​ស្រប​ទៅ​នឹង​លទ្ធផល​ដែល​លោក​ប្រធានាធិបតី Trump កំពុង​អួតអាង​ថា​ ជា​សមិទ្ធផល​របស់​លោក​នោះ​៕