ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសនាការជាមួយ លោក ហេនរី វ៉ាន់ ធៀ អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩នេះ ខណៈដែលលោកអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។
សម្តេចប្រធានរដ្ឋសភា និងលោក ហេនរី វ៉ាន់ ធៀ បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ កម្ពុជា-មីយ៉ាន់ម៉ា ដែលមានតំាងពីយូរណាស់មកហើយ ត្រូវបានបន្តលើកកម្ពស់ទំាងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៅលើការងារទ្វេភាគី និងពហុភាគី ពិសេសបានគំាទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។
លោក ហេនរី វ៉ាន់ ធៀ បានលើកឡើងថាដើម្បីឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត កម្ពុជានិងមីយ៉ាន់ម៉ា ត្រូវជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ លោកអនុប្រធានាធិបតី បានអបអរសាទរ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ទទួលបានជោគជ័យ។ ប្រទេសមីយ៉ាន់ម៉ានឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំនេះបន្តពីកម្ពុជានៅឆ្នាំ២០២០ខាងមុខ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅកម្ពុជាបានឆ្លុះបញ្ចាំងឲ្យឃើញ ពីវឌ្ឍនភាពរីកចម្រើន នៃទំនាក់ទំនង មិត្តភាព ស្អិតរមួត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ កម្ពុជាមីយ៉ាន់ម៉ា ទំាងពេលបច្ចុប្បន្ន និងអនាគត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានលើកឡើងថា រដ្ឋសភាកម្ពុជា គាំទ្រ និងពេញទឹកចិត្តចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានអនុវត្តជាមួយគ្នាយ៉ាងសកម្មទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនំាមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទំាងសងខាង។ សម្តេចបានគូសបញ្ជាក់ថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមអាស៊ាន ពិតជាមានសារៈសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត នៅចំពោះមុខសភាពការណ៍សកលលោក កំពុងមានការប្រែប្រួលវិវឌ្ឍន៍ឥតឈប់ឈរ ។
ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចំពោះកិច្ចខិតខំស្វែង រកដំណោះស្រាយនយោបាយផ្ទៃក្នុងរួម ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ៕