ប៉ារីស ៖ ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ លោក ដេវីត មាសកេត ត្រូវបានជ្រើសរើសធ្វើជាអ្នករាយការណ៍សម្រាប់គណៈកម្មការទី៤ ទទួលបន្ទុកកិច្ចការវប្បធម៌ និងបេតិកភណ្ឌ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌ ខណៈដែលវេទិកានេះកំពុងតែប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការជ្រើសរើសតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ ជាអ្នករាយការណ៍នាពេលនេះ មិនត្រឹមតែបានផ្តល់កិត្តិយសដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានពង្រីកកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀត ក្នុងនាមជាប្រទេសដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។
ទន្ទឹមគ្នានេះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញចូលរួមប្រជុំ និងចែករំលែកទស្សនទានអំពីវិស័យវប្បធម៌ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតឆ្នៃប្រឌិតផងដែរ៕