ហុងកុង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងកាលពីម្សិលមិញថា ប្រទេសចិនបានថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅហុងកុងដោយព្រឹទ្ធសភាអាមេរិក។
លោក កេង សួង (Geng Shuang) បាននិយាយថា សេចក្តីព្រាងច្បាប់ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីថ្ងៃអង្គារនោះគឺជាការធ្វេសប្រហែសមិនពិនិត្យមើលលើអង្គហេតុ និងការពិត និងជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងទីក្រុងហុងកុងយ៉ាងច្បាស់។ លោកចាត់ទុក សកម្មភាពនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។
លោកបានបន្តថា បញ្ហាដែលទីក្រុងហុងកុងជួបប្រទះគឺមិនមែនជាបញ្ហាសិទ្ធិមនុស្សឬលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែគឺជាការបញ្ឈប់អំពើហិង្សានិងភាពវឹកវរ, ការប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋនិងស្តារស្ថិរភាពឡើងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ លោកបន្ថែមថា សកម្មភាពបែបនេះនឹងមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនប៉ុណ្ណោះទេប៉ុន្តែថែមទាំងផលប្រយោជន៍របស់អាមេរិកនៅក្នុងទីក្រុងហុងកុងផងដែរ ហើយបានថារាល់ការប៉ុនប៉ងទាំងអស់ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងឬរារាំងការអភិវឌ្ឍរបស់ចិនគឺគ្មានប្រយោជន៍ទេ៕