កម្ពុជា បញ្ជូនជនជាតិថៃជាង១៧០នាក់ដែលបើកល្បែងតាមអនឡាញត្រឡប់ទៅស្រុកវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2019 ក+ ក-

ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីកម្លាំងអគ្គនាយកដ្ឋានប្រឆាំងបទល្មើសល្បែងបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលស្នងការខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបល្បែងអនឡាញអត់ច្បាប់នៅកាស៊ីណូចំនួន២កន្លែងផ្សេងគ្នា នៅក្រុងប៉ោយប៉ែងអស់រយៈពេលពីថ្ងៃកន្លងមក នៅរសៀលថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩ នេៈ អាជ្ញាខេត្តបន្ទាយមានជ័យ បានប្រគល់ជនជាតិថៃប្រុស ស្រីចំនួន ១៧៣នាក់ក្នុងនោះស្រី១១៧នាក់ ទៅឲ្យអាជ្ញាធរថៃ នៅចំណុចលើស្ពានមិតភាពកម្ពុជា-ថៃ។

នៅក្នុងកិច្ចការរៀបចំប្រគល់ ទទួលនេះ អាជ្ញាធរកម្ពុជាដឹកនាំដោយលោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុ រាត្រី រួមនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ ចំណែកអាជ្ញាធរថៃ ដឹកនាំដោយលោកអភិបាលខេត្តស្រះកែវ (ថៃ) លោក វីរៈផាន់សុវ៉ាន់នុត និងមន្ត្រីក្រោមឱវាទជាច្រើនរូបផងដែរ ដោយបានបិទផ្លូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នប្រហែលមួយម៉ោង ដើម្បីឲ្យរថយន្តដឹកជនជាតិថៃ ចូលមកដល់គល់ស្ពានមិត្តភាព និងងាយស្រូលក្នុងការផ្ទេរ និងរាប់ចំនួនមនុស្សប្រគល់ទៅឲ្យអាជ្ញាធរថៃ។

ប្រភពពីសន្តិសុខកាស៊ីណូបង្ហើបថា បើទោះជាប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យបិទល្បែងស៊ីសង (អនឡាញ) នៅក្នុងកាស៊ីណូ យ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានបើកល្បែងអនឡាញលួចលាក់ ទើបកម្លាំងអគ្គនាយកដ្ឋានប្រឆាំងបទល្មើសល្បែងបច្ចេកវិទ្យា មកបង្ក្រាបហើយរកឃើញថា ក្នុងកាស៊ីណូខាងលើ នៅមានល្បែងអនឡាញលួចលាក់ខុសច្បាប់ ដែលគេសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បង្ក្រាបល្បែងស៊ីសងនៅមានកំរិត ដោយដៃម្ខាងបង្ក្រាប ដៃម្ខាងទៀតជំរាបសួរ ទើកើតមានល្បែងខុសច្បាប់ទាំងនេះ។

ជុំវិញករណីជនជាតិថៃ មកស្នាក់នៅបើកល្បែងស៊ីសងក្រៅច្បាប់ជ្រកក្រោមស្លាកកាស៊ីណូ ខាងលើនេះ ក្រុមអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីមន្ត្រីអន្តោប្រវេសន្ត៍ទាំងខេត្ត ទាំងប្រធានស្នាក់ការ ឬមន្រ្តីណាម្នាក់ក្នុងកម្មវិធីនោះទេ  ដោយជំរុញឲ្យអ្នកសារព័ត៌មាន សាកសួរបន្តទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ បើចង់ដឹងព័ត៌មានច្បាស់ហាក់បីដូចជាមានការលាក់បាំង៕