ថៃ និងកម្ពុជា ប្រជែងចង់ចាប់ដៃជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2019 ក+ ក-

ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគធំៗរបស់ថៃ បានបង្ហាញការចង់បានចិនជាដៃគូរក្នុងការធ្វើអាជីវកម្មនិងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនកាន់តែធំឡើង ខណៈកម្ពុជាក៏មានទំនោរចង់បានចិនមកជាដៃគូរវិនិយោគ បន្ថែមទៀតផងដែរ បើទោះបីជាបច្ចុប្បន្ននេះ ចិនបានឈរលំដាប់ទី១ជាអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយក្ដី ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុនសំណង់ដ៏ធំរបស់ថៃ បានអោយដឹងថា ខ្លួនបានយល់ព្រមចាប់ដៃជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតនៅលើពិភពលោក ដើម្បីរួមគ្នាអភិវឌ្ឍនិងចែករំលែកចំណេះដឹងលើវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍នៅក្នុងវិស័យចំនួន ។

លោក Roongrote Ransiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនសំណង់ដ៏ធំនៅតំបន់អាស៊ាន បានឲ្យដឹងថា SCG ដាក់ចេញនូវទស្សនវិស័យបង្កើតភាពជាដៃគូជាមួយបណ្ដាវិទ្យាស្ថាន និងអង្គការឈានមុខគេ ទាំងនៅក្នុងស្រុក និងទាំងនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព និងជំរុញការចែករំលែកចំណេះដឹង ដែលផ្ដល់លទ្ធភាពឲ្យ SCG អាចអភិវឌ្ឍផលិតផលនិងសេវាកម្មបានលឿនរហ័ស និងកាន់តែមានប្រសិទ្ធផលជាងមុន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទូទាំងតំបន់អាស៊ាន ។ ភាពជាដៃគូ គឺជាយន្តការដ៏សំខាន់មួយ ដើម្បីពង្រឹងក្រុមហ៊ុននានា ដូចដែលឆ្លុះបញ្ចាំងនៅក្នុងចំណូលកើនឡើងនៅក្នុងឆ្នាំ២០១៨ ពីការលក់ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលសម្រេចបានទឹកប្រាក់សរុប ១៨៤.៩៦៥លានបាត ឬ ៣៩% នៃចំណូលសរុបពីការលក់ ខណៈដែលការចំណាយលើការស្រាវជ្រាវនិងនវានុវត្តន៍ មានទឹកប្រាក់សរុបចំនួន ៤.៦៧៤លានបាត ឬត្រឹមតែ ១% នៃចំណូលសរុបពីការលក់ ប៉ុណ្ណោះ ។

លោកបន្តថា យើងរីករាយបំផុតដែលបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតមួយ ដែលដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងរួមចំណែកគួរឲ្យកត់សម្គាល់នៅក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍របស់ប្រទេសចិន បានបង្កើតភាពជាដៃគូជាមួយ SCG ដើម្បីស្រាវជ្រាវនិងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ ។ លោកថា គោលដៅនៃកិច្ចប្រឹងប្រែងរួមនេះ គឺ ពន្លឿន បច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារថ្មីៗ តាមរយៈសកម្មភាពនានា ដូចជា ទស្សនកិច្ចសិក្សានៅតាមវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យា, ការរុករកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗ ដែលត្រូវនឹងតម្រូវការដ៏សម្បូរបែប និងការធ្វើតេស្តសាកល្បងនវានុវត្តន៍នានា ដូចជា Sensor/IoT, អគារនិងរោងចក្រឆ្លាត, និងការគ្រប់គ្រងការបំពុលខ្យល់ ។

លោកបណ្ឌិត Jiang Biao ( ជាំង ពាវ ) នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ប្រចាំបាងកក បានឱ្យដឹងថា បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន មានវិទ្យាស្ថានស្រាវជ្រាវជាង ១០០កន្លែង និងមានអ្នកស្រាវជ្រាវនិងសមាជិកក្រុម សរុបប្រមាណ ៧០.០០០នាក់ ព្រមទាំងមានបណ្ដាញអ្នកស្រាវជ្រាវជាន់ខ្ពស់ ៨០០នាក់ និងសាកលវិទ្យាល័យជាដៃគូសហការចំនួន ៣ ដូច្នេះ ក្នុងកិច្ចសហការជាមួយថៃ លោករំពឹងថាវានឹងហុចផលអោយភាគីទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ។

សម្រាប់ប្រទេសកម្ពុជាវិញ បើយោងតាមតាមរបាយការណ៍របស់ក្រុមហ៊ុន SCG បានបង្ហាញថាបើទោះបីជាបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ការលក់មានការធ្លាក់ចុះក្ដី តែសម្រាប់កម្ពុជានៅតែមានកំនើនរឹងមាំ ដោយសារតែកំណើននៃវិស័យសំណង់ក្នុងប្រទេសនេះ មានការរីកលូតលាស់កាន់តែខ្លាំង ក្នុងការរួមទាំងមានការវិនិយោគមកពីបរទេស ការវិនិយោគក្នុងស្រុកជាដើម ដែលជំរុញអោយតម្រូវការនៃការផលិតផលសម្ភារៈសំណង់កាន់តែឡើងខ្ពស់ ជាពិសេសការវិនិយោគផ្ទាល់មកពីប្រទេសចិន ។

កាលពីពេលថ្មីៗនេះលោក ហេរ៉ូ សុជាតិ អ្នកជំនាញវិស័យអចលនទ្រព្យ បាននិយាយថា វត្តមានចិនមានស្ទើរតែគ្រប់ប្រទេស នៅលើពិភពលោក ហើយប្រទេសខ្លះក៏គេបង្កើតអោយមានឈ្មោះទីក្រុងរបស់ចិន ( China Town ) ។ ការបង្កើតឈ្មោះទីក្រុងរបស់ចិននេះ មិនមែនអោយទឹកដីនោះទៅចិនទេ ហើយក៏កុំភ័យរឿងចិនយកទឹកដីនោះអោយសោះ តែការបង្កើតឈ្មោះនេះ ដើម្បីទាក់ទាញការវិនិយោគ ពាណិជ្ជកម្មពីប្រទេសចិន ទៅកាន់ប្រទេសគេរៀងខ្លួនប៉ុណ្ណោះ ៕