ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរលិខិតដោយផ្ទាល់ដៃ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការរិតចំណងទាក់ទង កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានការរីកចម្រើនល្អប្រសើរឡើងថែមទៀត គោរពអធិបតេយ្យភាពកម្ពុជានិង មិនមានការគាំទ្រ ឱ្យមានការប្តូររបបនៅកម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយលោក Patrick Murphy កាលពីថ្ងៃទី២១ ខែវិច្ឆិកា នៅវិមាមសន្តិភាព។
លោក កៅ គឹមហួន បានបន្តឱ្យដឹងទៀតថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្រកម្ពុជាទទួលស្គាល់កម្ពុជាតាំងពីមុនកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ទៅទៀត។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងរួមការសោកស្ដាយនិងកាន់ទុក្ខចំពោះការបាត់បង់ព្រះរាជបុត្រី ព្រះរៀម បុប្ផា ទេវី ហើយសម្ដេចក៏បានអរគុណចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានចូលរួមមរណទុក្ខនេះហើយក៏បានអរគុណដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលកន្លងមកបានចូលរួម យ៉ាងសកម្ម ក្នុងការគោរពនិងចូលរួមបុណ្យជាតិរបស់កម្ពុជា គឺជាបុណ្យអុំទូក និងបានធ្វើការជាបន្តបន្ទាប់ជាមួយនឹងមន្ត្រីដូចជាជួបជាមួយសម្ដេចទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ,ជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម ហើយសម្ដេចពិតជាមានការរីករាយដែលលោកទូតបានបន្តធ្វើការជាមួយមន្ត្រីរបស់រដ្ឋាភិបាល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បាននាំនូវលិខិតមួយផ្សេងទៀត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហរដ្ឋអាមេរិកព្រោះលិខិតនេះគឺជាលិខិតផ្ទាល់ដែលចុះហត្ថលេខាដោយប្រធានាធិបតីដូណាល់ត្រាំផ្ញើជូនមកសម្ដេចជួបផ្ទាល់ដែរ ហើយអ្វីដែលសំខាន់នៅក្នុងលិខិតនេះ ប្រធានាធិបតីដូណាល់ត្រាំបានអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ខាងមុខ។
ដោយសារអាមេរិកជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ានដូច្នេះសម្ដេចបានមានប្រសាសន៍ថាសម្ដេចគាំទ្រគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតី ដូណាល់ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក ដែលជាកិច្ចប្រជុំពិសេស។
ឆ្នាំ២០១០ បានធ្វើម្ដងរួចមកហើយៗនៅទីក្រុងញូយ៉កក្នុងឆ្នាំ២០២០នោះ កម្ពុជាគាំទ្រកិច្ចប្រជុំនេះដោយសារអាមេរិកជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន ព្រោះថាអាស៊ាននិងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការជាច្រើនវិស័យកំពុងដើម្បីផលប្រយោជន៍ទាំងសងខាង។សម្ដេចថាក្នុងបញ្ហានេះ សម្ដេចនឹងពិភាក្សាជាមួយមេដឹកនាំអាស៊ានដទៃទៀតដើម្បីគាំទ្រធ្វើយ៉ាងណាឲ្យមានការឯកភាពគ្នាជាឯកច្ឆន្ទ សម្រាប់ការចូលកិច្ចប្រជុំនៅពេលខាងមុខនេះ ដូច្នេះគោលជំហររបស់សម្ដេចគឺច្បាស់លាស់គាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រអាស៊ានសហរដ្ឋអាមេរិកនេះបន្តរីកចម្រើន បន្តផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សម្តេចក៏បានជំរាបឯកអគ្គរដ្ឋទូតផងដែរថា សម្តេចនឹងធ្វើលិខិតឆ្លើយតបវិញ ទៅនឹងលិខិតរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ដែលបានសរសេរដោយផ្ទាល់ដៃផ្ញើជូនសម្តេចនៅពេលនេះ៕