ការវិនិយោគលើវិស័យទេសចរណ៍កម្ពុជាកើនជិត១០០ភាគរយ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩នេះ
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា គិតត្រឹម ៨ខែ ឆ្នាំ២០១៩នេះ ការ វិនិយោគលើវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុករហូតដល់៩៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។ លោកថ្លែងបែបនេះ នៅក្នុងវេទិកាវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាលើកទី២ នៅថ្ងៃទី ២១ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែល ដោយយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដោយឡែកសម្រាប់ការវិនិយោគពីឆ្នាំ ២០១៦ ដល់ ខែសីហា ឆ្នាំ២០១៩ ការវិនិយោគក្នុងវិស័យទេសចរណ៍មានកើនឡើងប្រមាណ ៤៧% មាន ៨១៣គម្រោងមានទុនវិនិយោគ សរុបប្រមាណ ២២,៥ពាន់លានដុល្លារ ក្នុងនោះគម្រោងទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លា៕