អភិបាលខេត្តព្រះសីហនុ ព្រមានចាត់ការលើជនទន្ទ្រានលើដីរដ្ឋ ដីរាស្ត្រ យកទៅសូកអ្នកធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ មុននឹងបើកកិច្ចប្រជុំសាកល្បងសម្របសម្រួលស្តីពីករណីវិវាទដីធ្លីរវាង លោកស្រី ហ៊ឹម សុវណ្ណរី និងប្រជាពលរដ្ឋស្ថិតនៅតំបន់អូរដំរី ក្នុងភូមិសាស្រ្ត ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៩ កន្លងទៅនេះ។

​ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានលើកឡើងថា « មានអ្នកដើរចាប់យករដ្ឋ ដូចជា ដីគម្របព្រៃ និង ដីបរិស្ថាន ជាដើម ហើយដើម្បីឲ្យស្រច្បាប់ ពួកគេបានកៀងគរកម្លាំងប្រជាជនមកធ្វើជាខែល និង មានអ្នកខ្លះ យកដីខ្លួនឯងដែលរំលោភបំពាន់បាន ទៅធ្វើសម្បទានអោយអ្នកនេះ អោយអ្នកនោះ រួមទាំងអោយរដ្ឋវិញ ជាដើម ហើយមានអ្នកខ្លះទៀត រំលោភទន្ទ្រានយកដីរបស់គេ ទៅពុះជាឡូត៍ លក់ថោកៗ ដើម្បីអោយមានមនុស្សដែលមិនបានដឹងរឿងពិតទៅទិញ បង្កើតទៅជាក្រុម ជាភូមិ ដើម្បីការពារទង្វើខុសច្បាប់របស់ខ្លួន។ បំណងពិតប្រាកដ គឺដើម្បីយកគេមកបិទបាំង ឬក៏អូសទាញ គេមកអោយជួយការពារដីខ្លួនឯងដែលធ្វើការការរំលោភបាន »។

ឯកឧត្តម គួច ចំរើន លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយស្តីពីករណីវិវាទដីធ្លីរវាងលោកស្រី ហ៊ឹម សុវណ្ណរី និងប្រជាពលរដ្ឋស្ថិតនៅតំបន់អូរដំរី ក្នុងភូមិសាស្រ្ត ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ ។ លោកអភិបាលខេត្ត បញ្ជាក់ថា ៖ « រឿងនេះ វាកើតមានឡើងនៅខេត្តព្រះសីហនុ អីចឹងបើនៅតែមានការទៅរំលោភបំពានយក ដីរបស់រដ្ឋ វាអាចថា បើនៅពេលមានការភិតភ័យខ្លាំង អីចឹងដើម្បីអោយមានមនុស្សមកជួយ អោយបានច្រើន គេត្រូវធ្វើសម្បទាន ឬត្រូវលក់ថោកៗ ហើយសម្បទានខ្លះ អាចមានការពាក់ព័ន្ធ រហូតទៅដល់មន្ត្រី និងកងកម្លាំង និងមានកន្លែងខ្លះ មានទាំងអ្នកកាសែតទៀតផង»។

ពលរដ្ឋដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានថ្លែងថា ទោះបីជាការលើកឡើងមិនចំឈ្មោះក្តី ក៏អង្គប្រជុំបានយល់ថា គឺសំដៅទៅលើកលោកស្រី ហ៊ឹម សុវណ្ណរី និងបក្សពួកគូកន ដែលគេដឹងថា បច្ចុប្បន្ននេះ លោកស្រី ហ៊ឹម សុវណ្ណរី កំពុងធ្វើសកម្មភាពរំលោភលើដីរបស់ប្រជាពលរដ្ឋ និងដីវត្ត ជាច្រើនហិកតា នៅក្នុងតំបន់ អូរកូនដំរី ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ យកទៅធ្វើអំណោយអោយទៅមន្ត្រីកំពូលៗ ថ្នាក់ដឹកនាំ កងកម្លាំងធំៗ និងប្រជាពលរដ្ឋមួយចំនួន ដែលស្ត្រីរូបនេះបានកេណ្ឌមកពីតាមបណ្តាលខេត្តនានា ក្នុងគោលបំណងបំភាន់ភ្នែកអាជ្ញាធរ អោយមើលឃើញថា ខ្លួនជាអ្នកធ្វើល្អ និងប្រើប្រាស់ឥទ្ធិពលនេះ ដើម្បីការពារដីដែលទន្ទ្រានបាន ធ្វឲ្យទៅជាដីស្របច្បាប់។

ប្រភពដដែល បានបន្តថា ទង្វើបែបនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនដែលកំពុងរងគ្រោះដោយអំពើរំលោភដីធ្លីពីសំណាក់ លោកស្រី ហ៊ឹម សុវណ្ណរី មានការឈឺចាប់ខ្លោចផ្សាជាខ្លាំង ដោយសារតែបាត់បង់ដីធ្លី ផ្ទះសំបែង ដែលពួកគាត់អះអាងថា បានរស់នៅយ៉ាងសុខសាន្តរាប់ឆ្នាំមកហើយទៀតផង ស្ត្រីរូបនេះត្រូវបានប្រជាពលរដ្ឋរងគ្រោះ ដាក់បណ្តាសារ គ្រប់ៗគ្នាជារៀងរាល់ថ្ងៃផងដែរ។

បើតាមឯកឧត្តម គួច ចំរើន បានលើកឡើងថា ៖ រឿងនេះវាគ្រាន់តែជាវិធីមួយ ប៉ុន្តែចាប់ពីពេល នេះតទៅ លោកនឹងធ្វើការគាស់រំលើងរឿងនេះឡើងវិញ មិនទុកអោយអំពើទុច្ចរិតបែបនេះ បន្តអូសបន្លាយប៉ះពាល់ទៅដល់ការដឹកនាំរបស់រដ្ឋាភិបាលនោះទេ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថា ៖ « ចាប់ពីពេលនេះតទៅ លោក នឺងដាក់ការស៊ើបអង្កេតហើយ ៗអ្នកដែលពាក់ព័ន្ធនៅក្នុងរឿងហ្នឺង ត្រូវតែដកថយជាបន្ទាន់
… ជាគោលការ ហាមពាក់ព័ន្ធលើកយោបល់ផ្ទាល់ ហើយហាមធ្វើអន្តរាគមន៍ព្រោះកន្លងទៅគឺវាធ្លាប់មានរឿងអីចឺង…»។

លោកស្រី ហ៊ឹម សុវណ្ណរី ដែលកំពុងត្រូវក្រុមប្រជាពលរដ្ឋចោទប្រកាន់ រួមទាំងការព្រមានដោយប្រយោលពីសំណាក់អភិបាលខេត្តផងដែរនោះ មិនទាន់អាចទាក់ទងដើម្បីសុំការពន្យល់ឆ្លើយតបនឹងព័ត៌មានខាងលើនេះបានទេ នៅរសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩ នេះ។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្តព្រះសីហនុ បានអះអាងដោយសង្កត់ធ្ងន់ថា រដ្ឋបាល ខេត្តព្រះសីហនុ បានរកឃើញបញ្ហាមិនប្រក្រតីមួយចំនួនរួចហើយ ដែលលោកត្រូវធ្វើការគាស់រំលើងបញ្ហានេះ។ អ្នកដែលបង្កើតបញ្ហានៅទីនេះ គឺចៀសមិនផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់នោះឡើយ »៕