ផៃ ស៊ីផាន៖តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បំផុសគំនិត​ញុះ​ញុង​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2015 ក+ ក-

ភ្នំពេញ​៖ អ្នកនាំពាក្យ​ទីស្តីកា​រគ​ណៈ​រដ្ឋមន្ត្រីលោក ផៃ ស៊ី​ផាន បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ឥរិយាបថ​ប្រកបដោយ​ភាពមិន​សមរម្យ​របស់​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ជើង​ជាន់​ដោយ​ចេតនា លើ​ផែនទី​ផ្លូវការ ដែលជា​មរតក​របស់​ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ជាមួយនឹង​ក្ដី​ប្រកាស​មិន​ទទួលស្គាល់​ផែនទី​ផ្លូវការ ដែល​បាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ ដោយ​អះអាង​បន្ថែមថា ផែនទី​ជា​ផ្លូវការ​នេះ គូស​ដោយ​ភាគី​វៀតណាម​។​

​នៅក្នុង​លិខិត​ចំហរ​របស់លោក ផៃ ស៊ី​ផាន ផ្ញើជូន​ជនរួមជាតិ​ទាំងមូល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

“ ខ្ញុំ ផៃ ស៊ី​ផាន សូម​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ឥរិយាបថ​ប្រកបដោយ​ភាពមិន​សមរម្យ​របស់ អ្នកតំណាងរាស្ត្រ អ៊ុំ សំអាន មណ្ឌល​សៀមរាប របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក ជើង​ជាន់​ដោយ​ចេតនា​លើ​ផែនទី​ផ្លូវការ ដែលជា​មរតក​របស់​ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ ដ៏​ខ្ពង់ខ្ពស់ ជាមួយនិង​ក្ដី​ប្រកាស​មិន​ទទួលស្គាល់​ផែនទី​ផ្លូវការ ដែល​បាន​តម្កល់​នៅ​អង្គការ សហប្រជាជាតិ ដោយ​អះអាង​បន្ថែមថា ផែនទី​ជា​ផ្លូវការ​នេះ គូស​ដោយ​ភាគី​វៀតណាម​។ នៅក្នុង​ចំណុច​នេះ ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា ផែនទី​មូលដ្ឋាន​នេះ​គឺ​ត្រូវ បាន​រដ្ឋសភា​អនុម័ត យល់ព្រម​អនុញ្ញាត​ឲ្យ រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​កិច្ច ពិភាក្សា​ការងារ​ព្រំដែន​ជាមួយ ភាគី​វៀតណាម​”​។​

​លោក ផៃ ស៊ី​ផាន បន្តថា “​ខ្ញុំ​ប្រាកដ​មិនអាច​ទទួលយកបាន​នូវ​សកម្មភាព និង​ពាក្យសម្ដី​គ្មាន​ការទទួលខុសត្រូវ ស្ដែង​ជា​សាធារណៈ របស់​អ្នកតំណាងរាស្ត្រ​រូបនេះ ដែល​ប្រមាថ និង​វាយប្រហារ​លើ​ដែន សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់រាជ​រដ្ឋាភិបាល ដែល​អាចធ្វើ​ឲ្យ មាន​ឧបសគ្គ​ចំពោះ ការ ងារ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ប្រឌិត​ចោទថា “​រាជរដ្ឋាភិបាល​ប្រើប្រាស់​ផែនទី ផលិត​ដោយ​ភាគី​វៀតណាម​”​។ នេះ​ជាការ​បំផុស​នូវ​គំនិត​ញុះ​ញ៉ុ​ង​ប្រឆាំង និង​រាជរដ្ឋាភិបាល នៅក្នុង​ទិសដៅ​សម្ងាត់​ណាមួយ​”​។​

​លោក ផៃ ស៊ី​ផាន បន្តថា “​ការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​ប្រកបដោយ​ភាពខន្តី និង​គោរព​ភាពជា​ដៃគូ របស់​គណ បក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ពន្យល់ និង​បកស្រាយ​របស់ខ្លួន លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ជាច្រើនលើក​មកហើយ ដែល​រាប់ទាំង​នៅក្នុង និង​ក្រៅ​រដ្ឋសភា ដែល​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ គ្រប់​រូបភាព រួមទាំង ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ប៉ុន្តែ​ផល​អវិជ្ជមាន និង​ល្បិចកល ប្រជា​ភិ​ថុ​ត នៅតែមាន​ជា​បន្តបន្ទាប់ ដែល​ពុំ​អាច​ទទួលយកបាន​”​។​

លោក ផៃ ស៊ី​ផាន បន្ថែមថា “​ខ្លួន​ខ្ញុំ​ផ្ទាល់ ទោះជា​យ៉ាងណាក្ដី នៅតែ​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​កិច្ចសហការ​ប្រកប ដោយ​ភាពថ្លៃថ្នូរ និង​សុចរិត​ក្នុង​ភាពជា​ដៃគូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ទទួលបាន​នូវ​ផល​វិជ្ជមាន ក្នុងទិសដៅ​ផលប្រយោជន៍​ជាតិ​តែមួយ​របស់​យើងទាំង អស់គ្នា ក្នុង​កិច្ចការ​ថែរក្សា​បូរណភាព​ទឹកដី ជាមួយនឹង​ការងារ​បោះ បង្គោល​ព្រំដែន និង​ក្រិត​ខ្សែ​បន្ទាន់​ព្រំដែន​ជាក់ស្ដែង​នៅលើ​ធរណី​”​។​

​ទោះជា​យ៉ាងនេះ​ក្តី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​បដិសេធថា​លោក​មិនបាន​ដើរ​ជាន់​ផែនទី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដូច​ការចោទប្រកាន់ និង​ការចុះផ្សាយ​នៅលើ​សារព័ត៌មាន​ក្នុងស្រុក​នោះទេ​៕ដោយ៖ខេមរៈ
nmkoi