ស្វាយរៀង ៖ សាកសពបុរសម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាជនដៃដល់ដែលម្លាប់ ស្ត្រីបំរើការ ងាររោងចក្រអំពូលស្លាប់យ៉ាងអាណោចអធ្មមក្នុងថ្លុកឈាមនៅខេត្តស្វាយរៀង ត្រូវបានប្រទះឃើញ អណ្តែតទឹកព្រែកមួយកន្លែងនៅខាងក្រោយរោងចក្រដែលជាកន្លែងកើតហេតុ និងជាកន្លែងដែល នារីរងគ្រោះធ្វើការផងដែរ។
សូមជម្រាបថា ឃាតកម្មមួយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣២នាទីព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងរោងចក្រ ធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀង ហ្គី ហ្គារី សស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយជនដៃ ដល់ បានរត់គេចខ្លួនបាត់។ក្រោយកើតហេតុ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ គឺជា សង្សារ របស់នារីរងគ្រោះនោះតែម្តង គឺឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ ២៥ឆ្នាំ ចំណែកនារីរងគ្រោះ ដល់ស្លាប់ឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់ នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង មុខរបរជាកម្មការិនីរោងចក្រផលិតអំពូលភ្លើង។
លោកវរៈសេនីយ៍ឯក កែវ សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាប បានឲដឹងថា បន្ទាប់មន្ត្រី ជំនាញនគរបាលចុះស្រាវជ្រាវទីតាំងកើតហេតុ បានចុះតាមដានមុខសញ្ញាហ៊ំព័ទ្ធជំវិញ តំបន់សេដ្ឋ កិច្ចមួយយប់ទល់ភ្លឺ ដោយសង្ស័យថា ជនសង្ស័យ មិនទាន់ចេញទីណាឆ្ងាយឡើយ។ លោកបន្តថា លុះដល់ម៉ោង12 ថ្ងៃត្រង់ ថ្ងៃទី23 ខែវិច្ចកា ឆ្នាំ 2019 នេះ សមត្ថកិច្ចបានប្រទះឃើញសពជនដៃដល់អណ្តែតតែក្បាលក្នុងទឹកព្រែកនៅខាងក្រោយ រោងចក្រ កន្លែងកើតហេតុ។ សមត្ថកិច្ចបញ្ជាក់ថា ពិតជាសពជនដៃដល់ពិតមែន ព្រោះមានស្នាមមុត (កាំបិត) នៅដៃសាកសព និងលើមួក មានស្នាមប្រឡាក់ឈាមផងដែរ ។សមត្ថកិច្ចថា ក្រៅពីនោះ នៅលើ សាកសពគ្មានស្លាកស្នាមអ្វីដែលអាចចាត់ទុកថា ជាអំពើឃាតកម្មនោះទេ អាចថា ជនដៃ ដល់បាន រត់ទៅលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីបានសម្លាប់នារីរងគ្រោះជាសង្សាររបស់ខ្លួនរួចហើយ ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕