ខេត្តកំពង់ចាម ៖ ស្ថាប័នជំនាញ និងអាជ្ញាធរខេត្តបានធ្វើការបំផុសឲ្យប្រជាពលរដ្ឋសិស្សានុសិស្សទាំងអស់ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន។ ពិធីនេះបានប្រារព្ធឡើងនៅក្នុងកម្មវិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងឃុំបាធាយស្រុកបាធាយ នាព្រឹកថ្ងៃទី២៤ វិច្ឆិកា២០១៩។ ហើយម្នាក់ៗ បានប្ដេជ្ញាចិត្តប្រឹងប្រែងនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងម៉ូតូ និងរថយន្ត។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ឲ្យដឹងថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងនៅស្រុកបាធាយច្រើនជាងគេទើបយើងបានប្រារព្ធធ្វើកម្មវិធីនៅទីនេះតែម្ដង។
លោកអភិបាលខេត្តមានប្រសាសន៍បន្តថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងតាមការសង្កេតគឺមានប្រមាណ៧០% អ្នកដែលស្លាប់នោះគឺមិនបានពាក់មួកសុវត្ថិភាពនោះទេ។ ហេតុដូច្នេះនឺងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សូមឱ្យក្មួយៗជាសិស្សានុសិស្សឬក៏ប្រជាពលរដ្ឋត្រូវតែពាក់មួកសុវត្ថិភាពរាល់ការធ្វើដំណើរទោះបីជាផ្លូវជិតឬឆ្ងាយក៏ដោយ។ ហើយមួយវិញទៀតគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករលាក់មុខ ដែលអាចឆក់យកជីវិតយើងបានគ្រប់ពេលណាបើយើងមានការធ្វេសប្រហែសនោះធ្វើយ៉ាងណាយើងត្រូវតែគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់និងរបួសឲ្យមានការថយកាន់តែតិចៗទៅ។
ជាមួយនោះលោកក៏បានស្នើសុំដល់ប្រជាកសិករត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលដំណាំស្រូវស្របពេលដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល(អែលនីណូ) សំណូមពរដល់អ្នកដែលធ្វើស្រូវ២ដងមេត្តាធ្វើតែ១ ដងដើម្បីរក្សាទឹកទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ចៀសវាងកុំឲ្យខ្វះ៕ ដោយ ៖ ប៉ែន សុផល