ចិន៖ ពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហូឡង់លោក Stef Blok នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង Nagoya ក្នុងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ប្រមុខការទូតរបស់រដ្ឋាភិបាលចិនលោក Wang Yi បាននិយាយថា សហរដ្ឋអាមេរិកគឺជាប្រភពអស្ថិរភាពធំបំផុតរបស់ពិភពលោក ហើយអ្នកនយោបាយរបស់ខ្លួនកំពុងដើរជុំវិញពិភពលោក និយាយបង្ខូចកេរ្តិ៍របស់ចិនដោយគ្មានមូលដ្ឋាន។
ក្រសួងការបរទេសចិនបានដកស្រង់សំដីលោក Wang ថា សហរដ្ឋអាមេរិកបានប្រកាន់ភ្ជាប់នូវគោលការណ៍ឯកតោភាគីនិយម និងការគាំពារនិយម ហើយកំពុងធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ លោកសង្កត់ធ្ងន់ថា វាបានក្លាយជាកត្តាបង្កអស្ថិរភាព ធំបំផុតរបស់ពិភពលោករួចទៅហើយ។
សូមជម្រាបថា ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោកបានស្រុតចុះជាថ្មី ស្របពេលសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់មួយ ដែលភាគីទាំង២ កំពុងព្យាយាមដោះស្រាយ និងជម្លោះជុំវិញសិទ្ធិមនុស្សហុងកុង និងការគាំទ្ររបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់ ដែលចិនអះអាងថាជាដែនដីរបស់ខ្លួននោះ៕