អ្នកលក់​អង្ករ​ម្នាក់​ចេញ​សែក​ស្អុយ​ទិញ​គោរមងារ​ឧកញ៉ា​ហើយ វាយ​អ្នក​រត់ការ​បែក​មុខ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2015 ក+ ក-

​ភ្នំពេញ​៖​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​អ្នក លក់​អង្ករ​ម្នាក់ ដោយសារ​បុរស​នេះ​មិន​សងលុយ​ថ្លៃ​រត់​ការយក​គោរមងារ​ឧកញ៉ាហើយ វាយ​អ្នក​រត់ការ​ឲ្យ​រងរបួស​បែក​មុខ​បែក​មាត់​ថែមទៀត ។​

​ករណី​បង្ក​ហិង្សា​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា នៅ​ចំណុច​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យ​កៅ​សាកសួរ​ទាំងពីរ​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​ហេតុ​មានឈ្មោះ រិ​ន បូរ៉ាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ មានមុខរ​បរជា​អ្នកជួញដូរ​អង្ករ ចង់​ក្លាយខ្លួនជា​ឧកញ៉ា បាន​ពឹងពាក់​ជនរងគ្រោះ​មានឈ្មោះ ហេង សុខ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៨៤B ផ្លូវ​លេខ​៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន មុខរបរ​ជំនួយការ​លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ អោយជួយ​រត់ការ​យក​គោរមងារ​ឧកញ៉ា ដោយ​សន្យា​ប្រគល់​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​តាម​កំណត់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ខែ មីនា កន្លងទៅ ជនសង្ស័យ​ឈ្មោះ រិ​ន បូរ៉ាន់​បាន​ណាត់​ជនរងគ្រោះ ហេង សុខ ឲ្យ​មកជួប​គ្នា​ផឹក​កាហ្វេ​នៅ​ម្តុំ​រង្វង់​មូល​ទួលគោក​។ ក្នុងការ​ណាត់ជួប​នេះ​គឺ​ទាក់ទង​នឹង​ការរត់​ការយក​គោរមងារ​ជា​ឧកញ៉ា​បានសម្រេច​ហើយ​តែ រិ​ន បូរ៉ាន់ ដែលជា​អ្នក​ពឹងពាក់​បានប្រគល់​សេក​មួយ​សន្លឹក​(​សែក​ស្អុយ​)​មាន​ទឹកប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ជនរងគ្រោះ ហេង សុខ ។​

នៅពេល​ជនរងគ្រោះ​ទៅ​បើក​លុយត្រូវ​ខាង​ធានា​គារ​ប្រាប់ថា ម្ចាស់​សែក​នោះ​គ្មាន​ប្រាក់​នៅក្នុង​គណនី​ទេ ។​ពេលនោះ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​សួរ​ជនសង្ស័យ តែ​ត្រូវបាន​ជនបង្ក​សន្យាថា ចាំ​ថ្ងៃនេះ​ថ្ងែ​នោះ​ជា​បន្តបន្ទាប់ រហូតមកដល់​ថ្ងៃទី​០៣ ខែកក្កដា នេះ ជនបង្ក រិ​ន បូរ៉ាន់ ក៏បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​មក​យកលុយ ប៉ុន្តែ​បែរជា​មានទំនាស់​ពាក្យសំដី​ឈានទៅ​ប្រតាយប្រតប់​គ្នា​បណ្ដាល​ឲ្យ​ជនរងគ្រោះ ហេង សុខ បែក​ក្តោងច្រមុះ និង​ជាំ​ថ្ពាល់​ខាងស្តាំ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​ធ្វើការ​ឃាត់ខ្លួន​អ្នក​ទាំងពីរ និង​នាំមក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ តែម្តង​។​

​បច្ចុប្បន្នជនសង្ស័យ រិ​ន បូរ៉ាន់ ត្រូវបាន​សមត្ថកិច្ច​ប​ន្ត​ការសាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​រៀបចំឯកសារ​បញ្ជូន​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ដោយ៖ខេរៈ

zsdx

(រូបឆ្វេង) រិន បូរ៉ាន់ និងជនរងគ្រោះ ហេង សុខ