ចិន​ទទូចឲ្យ​អាមេរិក​កែប្រែ​​ជាបន្ទាន់ចំពោះ​ការអនុម័ត​ច្បាប់​សិទ្ធិមនុស្ស​នៅ​ហុងកុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2019 ក+ ក-

​ចិន ៖ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក Zheng Zeguang បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​ លោកស្រី Terry Branstad មក​ធ្វើការ​សួរនាំ និង​សម្តែង​ការប្រឆាំង​ដាច់ខាត​ពី​សំណាក់​រដ្ឋាភិបាល​ចិន ចំពោះ​សភា​អាមេរិក ដែល​បាន​អនុម័ន​លើ​ច្បាប់ការពារសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​ហុងកុង​ឆ្នាំ​២០១៩​។ ​នេះ​បើ​យោងតាមសារព័ត៌មាន​ចិន CGTN។​

​ក្នុងជំនួប​នោះ​ផងដែរ​ក្រសួង​បាន​ទទូច​ដល់​ភាគី​អាមេរិក​ឲ្យ​កែប្រែ​កំហុស​របស់ខ្លួន​ជាបន្ទាន់​និង​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ហុងកុង​ដែលជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ប្រទេស​ចិន​កំពុងស្ថិត​នៅក្នុង​ការការពា​រ​អធិបតេយ្យភាព​សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​។ លោក​បាន​បន្ថែមថា ​រាល់​ការប៉ុនប៉ង​ធ្វើឱ្យ​អស្ថិរភាព​នៅ​ហុងកុង​ឬ​ធ្វើឱ្យ​អន្តរាយ​ដល់​ភាពរុងរឿង​និង​ស្ថេរភាព​របស់​វា​នឹងត្រូវ​បរាជ័យ​។​

​ចិន​ទទូច​ដល់​សហរដ្ឋអាមេរិក​ឲ្យ​ទទួលស្គាល់​ស្ថានភាព​នេះ ហើយ​តម្រូវ​ឲ្យ​កែប្រែ​កំហុស​របស់ខ្លួន​ជាបន្ទាន់ ទាក់ទង​នឹង​ច្បាប់​សិទ្ធិមនុស្ស​ហុងកុង ហើយ​បញ្ឈប់​រាល់​ពាក្យសម្តី​ និង​សកម្មភាព​ណា​ដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​លោក Zheng Zeguang បាន​សង្កត់ធ្ងន់ថា​“ បើ​មិន​ដូច្នោះ​ទេ​ផលវិបាក​ទាំងអស់​ដែល​កើតឡើង​នៅ​ហុងកុង​ត្រូវតែ​ជា​បន្ទុក​របស់​សហរដ្ឋ​អាមេរិក​ទាំងស្រុង​”៕