កូរ៉េ ៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការចុះហត្ថលេខានេះ បានធ្វើដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសកូរេខាងត្បូងលោកស្រី កាង គីយុងវ៉ា ក្នុងឱកាសដែលគណៈប្រតិភូនៃប្រទេសកម្ពុជាកំពុងចូលរួមឱកាសនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ។
ឯកសារសំខាន់ៗទាំង៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកនោះ រួមមាន៖
១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេច វេសពន្ធ និងការចៀសវាងពន្ធ។
២. សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៣. អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
៤. អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
៥. សេចក្តីថ្លែងការណ៍រួមស្តីពីការ ចាប់ផ្តើមការសិក្សារួមគ្នាលើ លទ្ធភាពបង្កើតកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។
សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់លោក មូន ចែអ៊ីន(Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ៕