ស្វាយរៀង៖លោក ប៉ែន ប៊ុនធឿន ប្រ ធានអង្គការមួយធ្វើការផ្នែកសិទ្ធិកុមារនៅក្នុងខេត្តស្វាយរៀងត្រូវកម្លាំងការពារព្រំដែនវៀតណាមចាប់ខ្លួននៅល្ងាចនេះ បន្ទាប់ពីលោកបានដឹកនាំកុមារ ទៅមើលព្រំដែននៅភូមិធំ ឃុំត្នោត ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថា ប្រធានអង្គការដែលសមត្ថកិច្ចវៀតណាមចាប់ខ្លួននោះ ឈ្មោះ ប៉ែន ប៊ុនធឿន លោកជាប្រធានអង្គការ C-Right ធ្វើការងារទាក់ទងសិទ្ធិកុមារ។
អ្នកស្រី អ៊ឺម សុធី ជាភរិយារបស់លោក ប៉ែន ប៊ុនធឿន ប្រាប់សារព័ត៌មានក្នុងស្រុកថា« ប្តីរបស់ខ្ញុំ ត្រូវសមត្ថកិច្ចវៀតណាមចាប់ខ្លួននៅម៉ោងជិត៥ល្ងាចថ្ងៃទី៤ កក្កដា នេះ ៖ ចាស! គេចាប់គាត់ ខ្ញុំមិនដឹងមូលហេតុទេគាត់ធ្វើការជាមួយកុមារ ហើយទៅមើលព្រំដែន។ សូមអ្នកពាក់ព័ន្ធជួយគាត់ផង កុំឲ្យគេវាយដំគាត់។
មន្ត្រីអង្គការលីកាដូប្រចាំខេត្តស្វាយរៀងលោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ដំបូងឡើយលោក ប៉ែន ប៊ុនធឿន បានរៀបចំសិក្ខាសាលាជាមួយកុមារនៅឃុំត្នោត បន្ទាប់មកក៏នាំកុមារទៅមើលព្រំដែនទើបសមត្ថកិច្ចវៀតណាមចាប់ខ្លួន។
លោកបញ្ជាក់ថា សមត្ថកិច្ចវៀតណាមចាប់លោក ប៉ែន ប៊ុនធឿន ហើយអនុញ្ញាតឲ្យអ្នកផ្សេងទៀតត្រលប់វិញ ហើយថា ពេលនេះសមត្ថកិច្ចស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង លោកកំពុងទាក់ទងទៅអាជ្ញាធរវៀតណាមដើម្បីស្នើសុំសម្របសម្រួលឲ្យមានការដោះលែង ប៉ុន្តែមិនទាន់បានទទួលព័ត៌មានដូចម្តេចនៅឡើយទេ៕ ដោយ៖ខេមរៈ
ទិដ្ឋភាពតំណាងរាស្រ្តបក្សប្រឆាំងចុះមើលព្រំដែនខេត្តស្វាយរៀង
នាពេលកន្លងមក