ខេត្តកណ្ដាល ៖ ក្មេងស្រីសង្ស័យជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូម្នាក់ បានបន្លំលួចលុយរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ ជាង២០ដង ខណៈកំពុងរាប់លុយស៊ីសងក្នុងកាស៊ីណូ ដោយគិតថាគ្មាននរណាដឹង លើកក្រោយមិនរាងធ្វើសកម្មភាពលួចទៀត ត្រូវបានខាងក្រុមហ៊ុនដឹង ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ត្រង់ចំណុចសង្វៀនជល់មាន់របស់ ក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត ស្ថិតនៅក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ក្មេងស្រីសង្ស័យឈ្មោះ ស ស្រីល័ក្ខ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត មានទីលំនៅ ភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះតំណាងឲ្យក្រុមហ៊ុនឈ្មោះ ធុន វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនហ្គាវ៉ូដា មានទីលំនៅភូមិរការលើ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។
ចំណែកឯសម្ភារៈបាត់បង់គឺ ប្រាក់ប្រមាណជាង ៧,៤៥០ដុល្លារសហរដ្ឋអាមេរិក និងវត្ថុតាងដកហូតបានមកវិញរួមមាន៖ ទូរស័ព្ទដៃចំនួន ២គ្រឿង ,លោហៈធាតុពណ៌លឿង មានបណ្តោងដាំត្បូងពណ៌ស ១ខ្សែរ ,លោហៈធាតុពណ៌លឿង ១ខ្សែ និងចិញ្ចៀន ២វង់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕