ពាណិជ្ជកម្មទ្វេភាគីកូរ៉េខាងត្បូង-អាស៊ានឈានដល់ជាង១៦០ពាន់លានដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2019 ក+ ក-

ភ្នំពេញ ៖ អាស៊ានជាទីផ្សារដ៏ធំ សម្រាប់ប្រទេសកូរ៉េ គ្រាដែល ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងកូរ៉េខាងត្បូង បានកើនឡើងពី ៦,៦ពាន់លានដុល្លារ ទៅជាង ១៦០ពាន់លានដុល្លារ មកដល់ពេលបច្ចុប្បន្ន។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី៣០ ដែលចាប់ផ្តើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត BEXCO ក្នុងទីក្រុងកំពង់ផែប៊ូសាន សាធារណរដ្ឋកូរ៉េ ជាមួយមេដឹកនាំកំពូលអាស៊ានទាំង ៩ផ្សេងទៀត និងប្រធានាធិបតីសាធារណៈកូរ៉េ លោក ម៉ូន ចេអ៊ីន។

ថ្លែងបើកកិច្ចប្រជុំនេះ លោក មូន ជេអ៊ីន បានធ្វើការគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន គឺជាគន្លឹះដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងប្រឈមនាពេលបច្ចុប្បន្នមានដូចជានយោបាយគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តឧស្សាហកម្មទី៤ជាដើម។ ប្រទេសកូរ៉េខាងត្បូង បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន ចាប់តាំងពីបង្កើតការសន្ទនាក្នុងឆ្នាំ១៩៨៩។

តាមរយៈការបង្កើតការសន្ទនា បានជំរុញពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងកូរ៉េខាងត្បូងពី ៦,៦ពាន់លានដុល្លារ ដល់១៦០ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ រីឯការវិនិយោគទៅវិញទៅមកបានកើនពី ១, ៨ពាន់លានដុល្លារទៅ ១០ពាន់លានដុល្លារ។

បច្ចុប្បន្ន អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទី២ និងទិសដៅវិនិយោគធំបំផុតលំដាប់ទី៣របស់កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្មលំដាប់ទី៥ របស់អាស៊ាន ដែរ។អាស៊ានត្រូវបានទទួលស្គាល់ថា ជាអ្នកដើរតួនាទីសេដ្ឋកិច្ចពិភពលោកថ្មីជាមួយនឹងចំនួនប្រជាជនច្រើនបំផុតលំដាប់ទី៣ លើពិភពលោកចំនួន ៦៥០លាននាក់ ដែលមានប្រជាជនវ័យក្មេង។ ក្នុងឱកាសរៀបចំកិច្ចប្រជុំកំពូលលើកទី៣០នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ មេដឹកនាំប្រទេសសមាជិកអាស៊ាន ត្រូវបានស្វាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត ពីប្រធានាធិបតីកូរ៉េ ហើយកិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្មជាច្រើនត្រូវបានធ្វើឡើង។

ក្នុងកិច្ចចរចាពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋកូរ៉េ ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ត្រូវបានបើកកិច្ចចរចារ ហើយកិច្ចចរចារបានឈានដល់កិច្ចព្រមព្រៀង និងចុះហត្ថលេខាជាមួយគ្នា ខណៈប្រទេសខ្លះទៀតគ្រោងចុះហត្ថលេខានៅឆ្នាំក្រោយ។

មេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ បានឯកភាពកសាងសហគមន៍ សន្តិភាពនិងវិបុលភាពមួយ ដោយយកប្រជាជនជាស្នូល ដែលផ្អែកលើគោលដៅរួម នៃចក្ខុវិស័យអាស៊ាន នៃសហគមន៍មួយ ដែលមានសមាហរណកម្ម សន្តិភាពនិងស្ថិរភាព និងប្រកបដោយវិបុលភាពរួម សម្រេចបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែង នៅក្នុងតំបន់ តាមរយ:កិច្ចខិតខំប្រឹងប្រែងរួមគ្នា៕