កម្ពុជា៖មូលនិធិ Mahavir Mandir Trust បានសម្រេចផ្អាកការសាងសង់ប្រាសាទអង្គរវត្តចម្លងនៅប្រទេសឥណ្ឌាសិន បន្ទាប់ពីភាគីកម្ពុជាបានជំទាស់ និងរង់ចាំភាពចម្រូងចម្រាស់ត្រូវបានដោះស្រាយហើយរួចរាល់។
បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា នៅថ្ងៃសុក្រទី០៣ កក្កដា ម្សិលមិញនេះបានឲ្យដឹងថា មូលនិធិ Mahavir Mandir Trust របស់ឥណ្ឌា បានសម្រេចផ្អាកគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លង ក្រោយពីមានប្រតិកម្មពីកម្ពុជា។ ប៉ុន្តែមន្ដ្រីនៃមូលនិធិ Mahavir Mandir Trust បានអះអាងថា ប្រាសាទចម្លងដែលគ្រោងសាងសង់នៅឥណ្ឌាមានភាពខុសគ្នាពីប្រាសាទអង្គរវត្តពិតប្រាកដរបស់កម្ពុជា ។ មន្ត្រីដដែលនេះបានលើកឡើងថាខ្លួនរីករាយនឹងពន្យល់បំភ្លឺដល់មន្ដ្រីជំនាញនៃរដ្ឋាភិបាលកម្ពុជាអំពីភាពខុសគ្នានេះ។
ក្រោយប្រតិកម្មរបស់កម្ពុជា ក្រសួងការបរទេស និងក្រសួងវប្បធម៌ឥណ្ឌា បានស្នើឲ្យមូលនិធិ Mahavir Mandir Trust ផ្អាកការសាងសង់ប្រាសាទអង្គរវត្តចម្លងនៅប្រទេសឥណ្ឌាសិន។ ការសាងសង់ប្រាសាទដែលគ្រោងចាប់ផ្ដើមនៅខែមិថុនា នឹងត្រូវពន្យារពេល រហូតទាល់តែបញ្ហាចម្រូងចម្រាស់នេះត្រូវបានដោះស្រាយរួច។
លោក Acharya Kishore Kunal អគ្គលេខាធិការនៃមូលនិធិ Mahavir MandirTrust នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា បានគូសបញ្ជាក់ថា លោកគោរពមនោសញ្ចេតនារបស់ប្រជាពលរដ្ឋកម្ពុជាចំពោះប្រាសាទអង្គរវត្ត ប៉ុន្តែលោកចង់ពន្យល់កម្ពុជាថា ប្រាសាទដែលមូលនិធិលោកគ្រោងសាងសង់នោះ មិនមែនចម្លងទាំងស្រុងពីប្រាសាទអង្គរវត្តនោះទេ។
បើតាមអគ្គលេខាធិការរូបនេះ លក្ខណៈនៃស្ថាបត្យកម្មយ៉ាងហោចណាស់៦០ភាគរយ គឺមិនដូចគ្នាទាល់តែសោះ។ លោកថា ប្រាសាទ Viraat Ramayan Mandir ខុសពីប្រាសាទអង្គរវត្តរបស់កម្ពុជា ព្រោះវាមានបែបបទស្ថាបត្យកម្មទាន់សម័យ បង្កប់ដោយលក្ខណៈពិសេសរបស់ប្រាសាទល្បីៗនៅឥណ្ឌា។
នៅសប្ដាហ៍ក្រោយ អគ្គលេខាធិការនៃមូលនិធិ Mahavir Mandir Trust នឹងដឹកនាំក្រុមស្ថាបត្យករនៃប្រាសាទទៅកាន់រដ្ឋធានីដេលី ដើម្បីជួបជាមួយមន្ដ្រីរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងក្រសួងការបរទេស និងក្រសួងវប្បធម៌របស់ឥណ្ឌា។ប៉ុន្តែលោក Kunal ចង់ជួបជាមួយក្រុមស្ថាបត្យកររបស់កម្ពុជា ដែលអាចយល់បានពីបច្ចេកវិទ្យានៃការរចនាប្រាសាទ។ ព្រោះបើតាមលោក Kunal បញ្ហានេះ គឺជារឿងបច្ចេកទេសសុទ្ធសាធ និងមិនអាចដោះស្រាយតាមផ្លូវនយោបាយការទូតនោះទេ។
គួរជម្រាបជូនថា គម្រោងរបស់ឥណ្ឌាដែលចង់សាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្ត បានលេចឮតាំងពីឆ្នាំ២០១២មកម្ល៉េះ។ គម្រោងប្រាសាទដំបូងនោះ ត្រូវបានដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ប៉ុន្តែក្រោយមកបានប្ដូរឈ្មោះមកជា Viraat Ramayan Mandir វិញ។ កាលពី ខែមិថុនា កន្លងទៅ ក្រសួងការបរទេសកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាទៅក្រសួងការបរទេសឥណ្ឌា ឲ្យមូលនិធិឥណ្ឌា Mahavir Mandir Trust បញ្ឈប់គម្រោងសាងសង់ប្រាសាទដែលចម្លងតាមប្រាសាទអង្គរវត្ត។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការសាងសង់ប្រាសាទ ចម្លងតាមប្រាសាទអង្គរវត្ត ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មនេះថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌពិភពលោក ហើយប្រាសាទអង្គរវត្តជានិម្មិតរូបថិតលើទង់ជាតិនៃប្រទេសកម្ពុជាទៀតផង៕
ប្រសាទViraat Ramayan Mandir ដែលឥណ្ឌាចម្លងតាមប្រាសាទអង្គរវត្ត។