ផ្ទុះបណ្តឹងចោទលោកស្រី ហ៊ឹម សុវណ្ណរី រំលោភយកដីពលរដ្ឋនៅតំបន់អូរត្រេះ ស្រុកស្ទឹងហាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2019 ក+ ក-

ដោយ ៖ ជុំ នរិន្ទ្រ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋចំនួន ១៤០គ្រួសារ នៅតំបន់អូរដំរី និងម្ចាស់ដីផ្សេងៗទៀតនៅខេត្តព្រះសីហនុ បានឲ្យដឹងថា ពួកគាត់បានរៀបចំដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដោយចោទលោកស្រី ហ៊ឹម សុវណ្ណរី ថា បានរំលោភចាប់យកដីកម្មសិទ្ធិរបស់ពួកគាត់។ ជាមួយគ្នានេះ ក៏បានអំពាវនាវស្នើឲ្យលោកអភិបាល និងសាលាដំបូងខេត្តព្រះសីហនុ ជួយចាត់វិធានការចំពោះអ្នកដែលដើររំលោភទន្ទ្រានយកដីប្រជាពលរដ្ឋឲ្យបានតឹងរ៉ឹងតាមផ្លូវច្បាប់ទៀតផង។   

( លោក គួច ចំរើន  អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងលោកស្រី ហ៊ឹម សុវណ្ណរី  កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩)

ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានរៀបរាប់ដោយសុំមិនបញ្ចេញឈ្មោះថា លោកស្រី ហ៊ឹម សុវណ្ណរី មានខ្សែរយៈជាមួយអ្នកធំៗ ទើបគាត់ហ៊ានដើរធ្វើសកម្មភាពរំលោភយកដី ពលរដ្ឋរាប់រយហិកតាដែលកន្លងមកលោកស្រីក៏ធ្លាប់បានផ្ទុះរឿងអាស្រូវនៃការរំលោភដីធ្លីនៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត ស្រដៀងគ្នានេះដែរ។ ប្រភពដដែលបន្តថា លោកស្រី ហ៊ឹម សុវណ្ណរី បានប្រើវិធីកៀរគរកម្លាំងចូលកាប់ឆ្ការកាន់កាប់ដីធ្លីក្រោមលេសផ្សេងៗ លុះធ្វើបានហើយ គាត់ពុះចែកឲ្យក្រុមអ្នកចូលរួមកាប់ឆ្ការខ្លះ ប្រកាសលក់ខ្លះ និងធ្វើជាកាដូឲ្យមន្ត្រីធំៗខ្លះ ដើម្បីបិទបាំងទង្វើខុសច្បាប់ ហើយនៅសល់ប៉ុន្មានស៊ិះស៊ុះរត់ការរៀបឯកសារឲ្យក្លាយទៅជាដីកម្មសិទ្ធិស្របច្បាប់សម្រាប់ខ្លួនឯង។

ប្រភពដដែលបន្តថា ដូចជាករណីដីកម្មសិទ្ធិរបស់លោក ហេង វណ្ណា (ហៅតុង) ជាដើម ក៏បានប្តឹងផ្តល់ពីករណីរំលោភដីធ្លីពីសំណាក់លោកស្រី ទៅកាន់តុលាការដែរ ហើយកាលណោះលោក ហេង វណ្ណា បានឈ្នះក្តីទើបអាចយកដីត្រឡប់មកវិញបាន។ ស្រដៀងគ្នានេះដែរ សារព័ត៌មានក្នុងស្រុកមួយចំនួន ក៏ធ្លាប់ដកស្រងសំដីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនពាក់ព័ន្ធនឹងការរំលោភដីធ្លីពីសំណាក់លោកស្រី ហ៊ឹម សុវណ្ណរី នេះដែរ គឺខេត្តកំពង់ស្ពឺ និងខេត្តកំពត។

បើតាមរបាយការណ៍របស់ទីចាត់ការអន្តរវិស័យ ខេត្តព្រះសីហនុ បានអោយដឹងថា ៖ លោកស្រី ហ៊ឹម សុវណ្ណរី បានរងបណ្តឹងចំនួន ៤ករណី តែតាមការពិតគឺមានរហូតដល់ទៅ ៦ករណីឯណោះ ដែលមានផ្ទៃដីសរុបប្រមាណ ១៣៥ហិកតា ហើយករណីនៃពាក្យបណ្តឹងនីមួយៗ គឺមានម្ចាស់ខុសៗគ្នាតែនៅក្នុងតំបន់អូរដំរីតែមួយ រួមទាំងដីរបស់វត្តដែលត្រូវបានចាត់ទុកជាគរុភ័ណ្ឌផងដែរ។

បណ្តឹងទាំងនោះរួមមាន ៖ – ករណីទី១ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយលោកស្រី ម៉ី ឌីណាត្យា។ – ករណីទី២ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយ លីហុង ស៊ីន។ – ករណីទី៣ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយលោក ម៉ន ស៊ីណា និងលោក កែវ ឡេង តំណាងអោយប្រជាពលរដ្ឋ ១៤០ គ្រួសារ។ – ករណី ទី៤ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយ លោក លី សួរ ។ – ករណី ទី៥ លោក ស្រី ហ៊ឹម សុវណ្ណរី ជាមួយ លោក ឈិន ឡុង និងនៅពេលថ្មីៗនេះ យើងឃើញមានពាក្យបណ្តឹងមួយករណីទៀត គឺលោកស្រី ហ៊ឹម សុវណ្ណរី ជាមួយលោក ណុប បិន។

គួររំឭកថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចូលរួមបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីសម្របសម្រួល និងដោះស្រាយករណីវិវាទដីធ្លីរវាងលោកស្រី ហ៊ឹម សុវណ្ណរី និងប្រជាពលរដ្ឋស្ថិតនៅតំបន់អូរដំរី ក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងមួយភាគទៀតស្ថិតនៅក្នុងក្រុងព្រះសីហនុ ហើយលទ្ធផលនៃដំណោះស្រាយមិនទទួលបានជាដុំកំភូនឡើយ ប៉ុន្តែក្នុងឱកាសនោះ លោកអភិបាលខេត្ត បានព្រមានធ្ងន់ៗថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលបង្កើតឲ្យមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ ដោយមិនទុកឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត និងប្រមុខរាជរដ្ឋាភិបាលឡើយ។

ភាគីលោកស្រី ហ៊ឹម សុវណ្ណរី នៅមិនទាន់អាចសុំការពន្យល់ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋដូចខាងលើនេះបាននៅឡើយទេ។

ក្រុមប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ស្រុកស្ទឹងហាវ បានអំពាវនាវ ដល់លោកអភិបាលខេត្ត និងតុលាការខេត្តព្រះសីហនុ មេត្តាស៊ើបអង្កេតស្រាវជ្រាវលម្អិតពីករណីដូចបានរៀបរាប់ខាងលើនេះ ដើម្បីផ្តល់យុត្តិធម៌ឲ្យពលរដ្ឋរងគ្រោះរាប់រយគ្រួសារដោយសារការរំលោភយកដីធ្លីពីសំណាក់ លោកស្រី ហ៊ឹម សុវណ្ណរី នេះផង បើមិនដូច្នេះទេ ពួកគាត់បង្ខំចិត្តត្រូវស្វែងរកការអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តែម្តង៕

( ភាគីលោកស្រី ហ៊ឹម សុវណ្ណរី ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីជាមួយប្រជាពលរដ្ឋក្រោមវត្តមានលោកអភិបាលខេត្តព្រះសីហនុ)